ចក្រភពអង់គ្លេស គ្រោងបង្កេីនការ ចំណាយលើវិស័យ ការពារជាតិ
ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានសន្យាថា នឹងបង្កេីនការចំណាយច្រេីន ជាងមុនលើវិស័យ ការពារជាតិ នៅពេលដែលត្រូវបានសួរអំពីរបាយការណ៍មួយដែលឧ្យដឹងថា វិមាន Downing Street កំពុងពិចារណាបង្កើនគោលដៅចំណាយលើវិស័យការពារជាតិ របស់ខ្លួនដល់ ៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៩។

សារព័ត៌មាន Sky News បានរាយការណ៍ថា លោក Starmer បានឧ្យដឹងថា ការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះវិស័យការពារជាតិក៏អាស្រ័យលើ «ថាតើអ្នកសម្របសម្រួល និងសហការជាមួយប្រទេស ដែលមានគំនិតដូចគ្នាដែរឬទេ ជាពិសេសនៅអឺរ៉ុប»។

កាលពីឆ្នាំមុន ចក្រភពអង់គ្លេស បានប្រកាសថា ខ្លួននឹងបង្កើនការចំណាយលើវិស័យការពារជាតិប្រចាំឆ្នាំដល់ ២,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប នៅឆ្នាំ ២០២៧ និងមានគោលដៅ ៣ ភាគរយនៅក្នុងសភាបន្ទាប់ ដែលត្រូវបានគេរំពឹងថា នឹងមាននៅឆ្នាំ ២០២៩។
នៅក្នុងសន្និសីទសន្តិសុខទីក្រុងមុយនិក ក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ លោក Starmer បានប្រកាសថា ចក្រភពអង់គ្លេស នឹងដាក់ពង្រាយក្រុមវាយប្រហារនាវាផ្ទុកយន្តហោះទៅកាន់អាត្លង់ទិកខាងជើង និងតំបន់ខ្ពស់ភាគខាងជើងនៅឆ្នាំនេះ នាយករដ្ឋមន្ត្រីរូបនេះក៏បានអះអាងផងដែរថា ចក្រភពអង់គ្លេស លែងជាប្រទេសដូចកាលពីអំឡុងឆ្នាំ Brexit ទៀតហើយ៕
ប្រែសម្រួល ឈូក បូរ៉ា
