កាសែត Wall Street Journal ៖ អ៊ីរ៉ង់ កំពុងពិចារណាបញ្ជូនសារធាតុអ៊ុយរ៉ាញ៉ូម មួយចំនួនរបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៊ី
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់សម្តីអ្នកការទូតអាមេរិក អ៊ីរ៉ង់ និងតំបន់ថា អ៊ីរ៉ង់បានបង្ហាញថា ខ្លួនអាចនឹងបញ្ជូនអ៊ុយរ៉ាញ៉ូមចម្រាញ់មួយចំនួនរបស់ខ្លួនទៅកាន់ប្រទេសទីបី ដូចជាប្រទេសរុស្ស៊ី ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ថា មន្ត្រីអ៊ីរ៉ង់ក៏បានណែនាំផងដែរថា ពួកគេអាចផ្អាកការចម្រាញ់រហូតដល់បីឆ្នាំ ហើយបានដាក់សំណើមួយដើម្បីបង្កើតសម្ព័ន្ធភាពក្នុងតំបន់ ដើម្បីផលិតបន្ទះប្រេងឥន្ធនៈពីអ៊ុយរ៉ាញ៉ូមចម្រាញ់សម្រាប់ប្រើប្រាស់ក្នុងស្រុក , នេះបើយោងតាមរបាយការណ៍។ ក្រុមមកពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានជួបប្រជុំគ្នា សម្រាប់ការចរចាដែលសម្របសម្រួល ដោយអូម៉ង់នៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានបញ្ជាក់នៅខែនេះថា ទីក្រុងមូស្គូបានត្រៀមខ្លួន រួចជាស្រេចដើម្បីទទួលយកអ៊ុយរ៉ាញ៉ូមពីអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់យល់ព្រម។ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បាននិយាយថា “គំនិតផ្តួចផ្តើមនេះនៅតែស្ថិតនៅលើតុ។ ក្នុងពេលជាមួយគ្នានេះ យើងត្រូវតែចងចាំថា ឃ្លាំងស្តុកនេះជាកម្មសិទ្ធិរបស់អ៊ីរ៉ង់”។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានទាមទារឱ្យអ៊ីរ៉ង់រុះរើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុង និងប្រគល់ឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់មកឲ្យខ្លួន ដែលជាសំណើមួយដែលទីក្រុងតេហេរ៉ង់បានបដិសេធ។ មន្ត្រីអ៊ីរ៉ង់ទទូចថា ការចម្រាញ់អ៊ុយរ៉ាញ៉ូមគឺ ជាសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសអ៊ីរ៉ង់ ហើយទទូចថា កម្មវិធីនេះគឺសម្រាប់ គោលបំណងស៊ីវិលតែប៉ុណ្ណោះ៕
ប្រែសម្រួលៈ ណៃ តុលា
