ព័ត៌មានអន្តរជាតិ

លោក Putin លើកឡើងទណ្ឌកម្មថ្មីៗ ប្រឆាំងនឹងប្រទេសគុយបា គឺជារឿងដែលមិនអាច ទទួលយកបាននោះទេ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃពុធ ក្នុងអំឡុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រី ការបរទេសគុយបា លោក Bruno Rodriguez Parrilla ថា រុស្ស៊ីតែងតែគាំទ្រគុយបា និងពិចារណាលើការរឹតបន្តឹងថ្មីប្រឆាំង នឹងប្រទេសនេះគឺជារឿង ដែលមិនអាចទទួលយកបានទេ។

យោងតាមប្រធានាធិបតីរុស្ស៊ី និងគុយបាចែករំលែកទំនាក់ទំនង ពិសេសដែលបង្កើតដោយប្រវត្តិសាស្ត្រ ហើយទីក្រុងមូស្គូតែងតែគាំទ្រប្រជាជន គុយបាក្នុងការតស៊ូដើម្បីឯករាជ្យភាព និងសិទ្ធិរបស់ពួកគេក្នុងការបន្ត ដំណើរអភិវឌ្ឍន៍របស់ខ្លួន។

លោកPutinក៏បាននិយាយផងដែរថា ទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ កំពុងអភិវឌ្ឍក្នុងទិសដៅវិជ្ជមានជាទូទៅ ហើយបានបង្ហាញទំនុកចិត្តថាកិច្ចប្រជុំនឹងផ្តល់ឱកាស ដើម្បីពិភាក្សាអំពីទំនាក់ទំនងយ៉ាងលម្អិត។

នៅព្រឹកថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា រុស្ស៊ីអំពាវនាវឱ្យសហរដ្ឋអាមេរិក ចៀសវាងការដាក់ពង្រាយទ័ពជើងទឹកលើប្រទេសគុយបា។

គួរឲ្យដឹងដែរថាកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨សហរដ្ឋអាមេរិកលោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលគំរាមយកពន្ធលើទំនិញ នាំចេញទៅសហរដ្ឋអាមេរិក ពីប្រទេសដែលផ្គត់ផ្គង់ ប្រេងដល់គុយបា ។ រដ្ឋាភិបាលគុយបា បានប្រកាសវិធានការជាបន្តបន្ទាប់ រួមទាំងការរឹតបន្តឹង លើការទិញប្រេងឥន្ធនៈ ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top