មេបញ្ជាការកំពូលត្រួតពិនិត្យកងកម្លាំងអាមេរិក នៅអាមេរិកឡាទីន ធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសវេណេស៊ុយអេឡា
បរទេស៖ មន្ត្រីអាមេរិកបាននិយាយថា មេបញ្ជាការកំពូលដែលត្រួតពិនិត្យកងកម្លាំងអាមេរិកនៅអាមេរិកឡាទីន គឺ ឧត្តមសេនីយ៍ Francis Donovan និងមន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ Joseph Humire បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសវេណេស៊ុយអេឡាកាលពីថ្ងៃពុធ ដើម្បីពិភាក្សាជាមួយមន្ត្រីនៅទីក្រុង ការ៉ាកាស់។
យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់គណៈប្រតិភូយោធាអាមេរិក ចាប់តាំងពីកងកម្លាំងអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolás Maduro ក្នុងការវាយឆ្មក់កាលពីខែមុន ហើយបាននាំខ្លួន លោក Maduro ទៅកាន់ទីក្រុងញូវយ៉ក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។ ដំណើរទស្សនកិច្ចរបស់មន្រ្តីអាមេរិកនេះត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន Reuters។
វាកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុនដោយរដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក Chris Wright ទៅកាន់ទីក្រុង ការ៉ាកាស់។
ដំណើរទស្សនកិច្ចទាំងពីរនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី Donald Trump ក្នុងការប្រើប្រាស់កម្លាំងយោធា និងគោលនយោបាយថាមពលដើម្បីជំរុញប្រទេសវេណេស៊ុយអេឡាឱ្យអនុវត្តកំណែទម្រង់យ៉ាងទូលំទូលាយ៕
ប្រែសម្រួលៈ ណៃ តុលា
