ផ្ទុះហាងលក់កាំជ្រួចនៅខេត្ត ហ៊ូប៊ី ប្រទេសចិន បណ្តាលឱ្យស្លាប់មនុស្ស ១២នាក់
បរទេស៖ ការផ្ទុះមួយនៅហាងលក់កាំជ្រួចមួយកន្លែងក្នុងខេត្តហ៊ូប៊ី ប្រទេសចិនកាលពីថ្ងៃពុធ បានសម្លាប់មនុស្ស ១២នាក់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលនេះជាការផ្ទុះលើកទីពីរ ខណៈដែលប្រទេសចិនកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំចិន។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ គឺ ក្រុមអ្នកឆ្លើយតបបន្ទាន់បានពន្លត់អគ្គីភ័យនៅហាងលក់កាំជ្រួចនៅក្នុងទីក្រុងសៀងយ៉ាង ក្នុងខេត្តហ៊ូប៊ី កាលពីរសៀលថ្ងៃពុធ។ របាយការណ៍នេះបាននិយាយដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមថា ក្រុមអ្នកស៊ើបអង្កេតកំពុងស៊ើបអង្កេតមូលហេតុនៃការផ្ទុះនេះ។
មន្ត្រីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ជនរងគ្រោះគឺជាកុមារ ៥ នាក់ និងមនុស្សពេញវ័យ ៧ នាក់។ ម្នាក់ជាម្ចាស់ហាង ហើយអ្នកដែលនៅសល់គឺជាអតិថិជនដែលបានមកទិញកាំជ្រួចសម្រាប់អបអរសាទរ។
សូមជម្រាបថា កាំជ្រួចគឺជាផ្នែកធំមួយនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំចិននៅក្នុងប្រទេសចិន ប៉ុន្តែការប្រើប្រាស់របស់វាក៏ជាមូលហេតុនៃគ្រោះថ្នាក់ជាច្រើនផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
