បរទេស៖ កាសែត The Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក និងបរទេសថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងថ្លឹងថ្លែងពីលទ្ធភាពនៃការសម្លាប់ថ្នាក់ដឹកនាំអ៊ីរ៉ង់ ដោយសង្ឃឹមថា នឹងសម្រេចបានការផ្លាស់ប្តូររបប។ ការផ្សាយនេះបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ត្រាំ មិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយនៅឡើយទេ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា យោងតាមរបាយការណ៍នេះ គឺលោក ត្រាំ បានទទួលការណែនាំជាច្រើនអំពីជម្រើសវាយប្រហារ រួមទាំងយុទ្ធនាការផ្លូវអាកាសដែលអាចមានរយៈពេលជាច្រើនសប្តាហ៍ ដើម្បី “សម្លាប់មេដឹកនាំនយោបាយ និងយោធាអ៊ីរ៉ង់ជាច្រើននាក់” ដោយមានគោលដៅចុងក្រោយគឺផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់។ ជម្រើសផ្សេងទៀតត្រូវបានគេរាយការណ៍ថា ផ្តោតលើទីតាំងនុយក្លេអ៊ែរ និងមីស៊ីល របស់អ៊ីរ៉ង់។
ចំណែកសារព័ត៌មាន CBS News បានដកស្រង់ប្រភពរបស់ខ្លួនដែរថា លោក ត្រាំ ត្រូវបានជូនដំណឹងថា យោធាអាមេរិកបានត្រៀមខ្លួន រួចជាស្រេចដើម្បីវាយប្រហារអ៊ីរ៉ង់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាននៅថ្ងៃសៅរ៍។ សារព័ត៌មាននេះបានបន្ថែមថា ពេលវេលាសម្រាប់សកម្មភាពយោធា ដែលអាចធ្វើទៅបានទំនងជានឹងបន្តលើសពីចុងសប្តាហ៍នេះ ។
កាសែត The Wall Street Journal បានសរសេរថា ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ បានពិភាក្សាអំពីអ៊ីរ៉ង់នៅក្នុងបន្ទប់ ស្ថានភាពសេតវិមានកាលពីថ្ងៃពុធ ដោយប្រធានាធិបតីនៅតែសង្ឃឹមថា នឹងប្រើសម្ពាធការទូតដើម្បីបង្ខំប្រទេសនេះឱ្យរុះរើកម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់បានបដិសេធការទាមទារទាំងនេះថា ជាការមិនអាចទទួលយកបាន៕
ប្រែសម្រួលៈ ណៃ តុលា
