ព័ត៌មានអន្តរជាតិ

​ សហរដ្ឋអាមេរិក​ ដកកងទ័ពទាំងអស់ ចេញពីប្រទេសស៊ីរី

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក​ កំពុងដកកងទ័ពប្រហែល ១០០០នាក់របស់ខ្លួនចេញពីប្រទេសស៊ីរី នេះបើយោងតាមរបាយការណ៍របស់ The Wall Street Journal កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីអាមេរិក​ ៣រូប។

យោងតាមរបាយការណ៍ មន្ទីរបញ្ចកោណនៅដើមខែនេះបានដកទាហានអាមេរិកទាំងអស់ចេញពីមូលដ្ឋាន Al-Shaddadi នៅភាគឦសាននៃប្រទេសស៊ីរី និងចេញពីយោធភូមិ Al Tanf ដែលជាប៉ុស្តិ៍យុទ្ធសាស្ត្រមួយនៅតាមព្រំដែននៃប្រទេសស៊ីរី ហ្ស៊កដានី និងអ៊ីរ៉ាក់។

ក្នុងរយៈពេលពីរខែខាងមុខ កងកម្លាំងអាមេរិក ដែលនៅសេសសល់ទាំងអស់​ នឹងចាកចេញពីប្រទេសស៊ីរី ដោយបញ្ចប់វត្តមានយោធា អាមេរិករយៈពេលមួយទសវត្សរ៍ ដែលសេតវិមានបានចាត់ទុកថា​ លែងចាំបាច់នៅក្នុងប្រទេសនេះទៀតហើយ នេះបើយោងតាមមន្ត្រីអាមេរិកពីររូប។

មន្ត្រីទាំងនោះបានឧ្យដឹងថា ការដកទ័ពនេះមិនទាក់ទងនឹងការកសាងយោធាដ៏ធំសម្បើម របស់សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននៅមជ្ឈិមបូព៌ា សម្រាប់ការវាយប្រហារដែល អាចកើតមានប្រឆាំងនឹងអ៊ីរ៉ង់នោះទេ។

កងកម្លាំងសហរដ្ឋអាមេរិកត្រូវបានដាក់ពង្រាយជាលើកដំបូងទៅកាន់ប្រទេសស៊ីរីក្នុងឆ្នាំ ២០១៤ ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិកលោក​ បារ៉ាក់ អូបាម៉ា ក្នុងនាមប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាមក្នុងអំឡុងពេលសង្គ្រាមស៊ីវិលរបស់ប្រទេស។ ក្នុងអំឡុងអាណត្តិដំបូងរបស់ប្រធានាធិបតីលោក​ ដូណាល់ ត្រាំ កម្រិតកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរីត្រូវបានកាត់បន្ថយបន្តិចម្តងៗ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top