ស៊ុយអែត បង្ហាញកញ្ចប់ជំនួយ យោធាដ៏សំខាន់មួយ សម្រាប់អ៊ុយក្រែន ដែលផ្តោតលើការ ការពារដែនអាកាស
ហេលស៊ីនគី៖ ប្រទេសស៊ុយអែត បានប្រកាសពីកញ្ចប់ជំនួយយោធាដ៏ធំបំផុតមួយរបស់ខ្លួនសម្រាប់ប្រទេសអ៊ុយក្រែន ដែលមានតម្លៃជិត ១២.៩ពាន់លាន ក្រូណ័រស៊ុយអែត (ប្រហែល ១.៤ពាន់លានដុល្លារអាមេរិក) ដោយមូលនិធិភាគច្រើន មានគោលបំណងការពារដែនអាកាស សមត្ថភាពរយៈចម្ងាយឆ្ងាយ និងគ្រាប់រំសេវ
ទំនិញធំបំផុតតែមួយគត់ គឺការទិញឧបករណ៍ការពារ ដែនអាកាសរយៈចម្ងាយខ្លី ដែលទើបផលិតថ្មីដែលមានតម្លៃ ៤.៣ពាន់លានក្រូណ័រ (ប្រហែល ៤៧៣លានដុល្លារ)។
ប្រទេសស៊ុយអែតបានឧ្យដឹងថា សមត្ថភាពម៉ូឌុលនឹងរួមបញ្ចូលគ្នានូវប្រព័ន្ធកាំភ្លើង និងមីស៊ីល ឧបករណ៍ស្ទាក់ចាប់ ឧបករណ៍ចាប់សញ្ញា គ្រឿង បន្លាស់សង្គ្រាមអេឡិចត្រូនិក និងប្រព័ន្ធបញ្ជា និងត្រួតពិនិត្យ ដើម្បីជួយការពារតំបន់ធំៗ ពីការគំរាមកំហែងតាមអាកាស។
សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា កញ្ចប់នេះក៏បានដាក់ប្រាក់ចំនួន ៣ពាន់លានក្រូណ័រ (ប្រហែល ៣៣០លានដុល្លារ) សម្រាប់គ្រាប់រំសេវ ការបណ្តុះ បណ្តាល និងការគាំទ្រពាក់ព័ន្ធ រួមទាំងការទិញគ្រាប់ផ្លោង និងគ្រាប់រំសេវការពារដែន អាកាសក្នុងបរិមាណច្រើនផងដែរ។
ក្រសួងបានបន្ថែមថា ថវិកាសរុបចំនួន ៥,៦ ពាន់លានក្រូណ័រ (ប្រហែល ៦១៦ លានដុល្លារ) នឹងត្រូវបានបែងចែកទៅឲ្យសមត្ថភាពរយៈចម្ងាយឆ្ងាយ គំនិតផ្តួចផ្តើមនវានុវត្តន៍ ការចូលរួមចំណែកផ្នែកសេដ្ឋកិច្ច និងការពារជនស៊ីវិល រួមទាំងកិច្ចសហប្រតិបត្តិការពង្រីកជាមួយអ៊ុយក្រែនលើយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ និងហិរញ្ញប្បទានសម្រាប់គម្រោងដែលពាក់ព័ន្ធនឹងយាន្ដគ្មានមនុស្សបើក៕
ប្រែសម្រួល ឈូក បូរ៉ា
