ព័ត៌មានអន្តរជាតិ

យោធាចិន ប្រញាប់ប្រញាល់ បញ្ជួនយន្តហោះប្រដេញ បន្ទាប់ពីយន្តហោះចម្បាំង F-16 អាមេរិក ១០គ្រឿង ហោះខិតជិតឆ្នេរសមុទ្រចិន

បរទេស៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករបស់កូរ៉េខាងត្បូង បានផ្សាយថា យន្តហោះចម្បាំងអាមេរិក និងចិនបានប្រឈមមុខដាក់គ្នា មិនឆ្ងាយប៉ុន្មានពីឆ្នេរសមុទ្រ កូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅ​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា កាសែត Korea Herald បានរាយការណ៍ ដោយដកស្រង់ប្រភពជាច្រើនថា យន្តហោះចម្បាំង F-16 ប្រហែលដប់គ្រឿង របស់កងកម្លាំងសហរដ្ឋអាមេរិកសម្រាប់កូរ៉េ (USFK) បានហោះចេញពីមូលដ្ឋានទ័ពអាកាស Osan ក្នុងទីក្រុង Pyeongtaek ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងសេអ៊ូល ហើយបានហោះហើរលើដែនទឹក អន្តរជាតិនៅក្នុងសមុទ្រលឿង ។ បេសកកម្មនេះត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅក្នុងដែន អាកាសរវាងតំបន់កំណត់អត្តសញ្ញាណការពារ ដែនអាកាសរបស់កូរ៉េខាងត្បូង និងចិនរៀងៗខ្លួន។

អត្ថបទនេះបានសរសេរថា នៅពេលដែលយន្តហោះចម្បាំង F-16 ខិតជិតឆ្នេរសមុទ្រចិន ទីក្រុងប៉េកាំងបានប្រញាប់ប្រញាល់ បញ្ជួនយន្តហោះរបស់ខ្លួនទៅកាន់តំបន់នោះដែរ ដោយមិនបានបញ្ជាក់ពីចំនួនយន្តហោះ ដែលពាក់ព័ន្ធនោះទេ។ សារព័ត៌មាននេះបានកត់សម្គាល់ថា “ការប្រឈមមុខដាក់គ្នាតាមអាកាសមួយរយៈខ្លី” បានកើតឡើង ប៉ុន្តែដោយសារភាគីទាំងពីរមិនបានរំលោភលើដែនអាកាសរបស់គ្នាទៅវិញទៅមក ហើយស្ថានភាពក៏មិនបានកើនឡើងនោះដែរ។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានផ្សាយថា ទីក្រុងវ៉ាស៊ីនតោនបានជូនដំណឹងដល់ទីក្រុងសេអ៊ូលអំពីបេសកកម្មដែលបានគ្រោងទុក ប៉ុន្តែមិនបានបញ្ជាក់លម្អិតទេ។

កាសែត Global Times របស់ប្រទេសចិនបានទទួលស្គាល់ហេតុការណ៍នេះ ដោយនិយាយថា យោធារបស់ទីក្រុងប៉េកាំង “បានរៀបចំកងកម្លាំងសមុទ្រ និងអាកាសដើម្បីធ្វើការត្រួតពិនិត្យជាបន្តបន្ទាប់… ហើយបានឆ្លើយតប និងដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព”៕
ប្រែសម្រួលៈ ណៃ តុលា

To Top