ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ប្រកាសពន្ធថ្មី លើសកលលោក បន្ទាប់ពីចាញ់ក្តី នៅតុលាការកំពូលអាមេរិក

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធគយសកលថ្មី ១០% បន្ទាប់ពីតុលាការកំពូល សហរដ្ឋអាមេរិកបានលុបចោលវិធានការ ភាគច្រើនពីមុនមករបស់លោក ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ថា នៅក្នុងសេចក្តីសម្រេច ៦ ទល់នឹង ៣ កាលពីថ្ងៃសុក្រ តុលាការកំពូលបានសម្រេចថា ច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិឆ្នាំ ១៩៧៧ មិនបានផ្តល់សិទ្ធិអំណាចដល់លោក ត្រាំ ក្នុងការដាក់ពន្ធគយទៅវិញទៅមក ប្រឆាំងនឹងស្ទើរតែគ្រប់ប្រទេសនោះទេ។

លោក ត្រាំ បានឆ្លើយតបដោយសន្យាថា នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃសុក្រ ដោយប្រើប្រាស់ច្បាប់មួយផ្សេងទៀត គឺច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ដើម្បីដាក់ពន្ធគយបន្ថែម។

បន្ទាប់ពីត្រឡប់ចូលកាន់តំណែងវិញកាលពីឆ្នាំមុន លោក ត្រាំ បានដាក់ពន្ធគយ ២៥% លើទំនិញពីប្រទេសកាណាដា និងម៉ិកស៊ិក ហើយក្រោយមកបានប្រកាសពីពន្ធគយមូលដ្ឋាន ១០% លើប្រទេសជាច្រើនទៀតដែលលោកបានចោទប្រកាន់ថា «លួច» ពីសហរដ្ឋអាមេរិក។ លោកបានប្រើប្រាស់ពាណិជ្ជកម្មជា អានុភាពនយោបាយ ដោយគំរាមកំហែងដាក់ពន្ធគយបន្ថែម ប្រឆាំងនឹងប្រទេសនៅអឺរ៉ុបដែលប្រឆាំង នឹងផែនការរបស់លោកក្នុងការបញ្ចូលកោះហ្គ្រីនឡែនពីប្រទេសដាណឺម៉ាក៕
ប្រែសម្រួលៈ ណៃ តុលា

To Top