ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ត្រៀមខ្លួនរួចជាស្រេច ក្នុងការវាយប្រហារលើកងកម្លាំងទាំងឡាយណាដែលគាំទ្រអ៊ីរ៉ង់

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែតអារ៉ាប៊ីសាអូឌីត Asharq Al-Awsat បានរាយការណ៍កាលពីថ្ងៃសុក្រថា យោធាអ៊ីស្រាអែល កំពុងរៀបចំធ្វើការវាយប្រហារទ្រង់ទ្រាយធំ លើក្រុមប្រដាប់អាវុធ ដែលគាំទ្រដោយអ៊ីរ៉ង់ នៅទូទាំងមជ្ឈឹមបូព៌ា ដើម្បីការពារពួកគេពីការផ្តល់ជំនួយ ដល់ក្រុងតេហរ៉ង់ក្នុងជម្លោះ ក្នុងតំបន់ដែលអាចកើតមាន។

ប្រភពយោធាអ៊ីស្រាអែលបានប្រាប់កាសែតថា ទីក្រុងយេរូសាឡឹមខាងលិចបានចូលរួម ជាមួយអ្នកសម្រុះសម្រួលដើម្បីព្រមានក្រុមសកម្មប្រយុទ្ធ Hezbollah របស់ប្រទេសលីបង់ ក្រុមឧទ្ទាម Houthi របស់យេមែន និងក្រុមប្រដាប់អាវុធ នៅក្នុងប្រទេសអ៊ីរ៉ាក់ថា ការវាយប្រហារណាមួយប្រឆាំងនឹងអ៊ីស្រាអែល នឹងត្រូវបានឆ្លើយតបជាមួយនឹងការឆ្លើយតបដ៏ធំ និងមិនធ្លាប់មានពីមុនមក។

ប្រភពដដែលបាននិយាយទៀតថា មន្ត្រីការពារជាតិអ៊ីស្រាអែល ជឿថា ទីក្រុងតេហរ៉ង់កំពុងជំរុញ សម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួនឱ្យចូលរួម ក្នុងការកើនឡើងសក្តានុពលណាមួយ បន្ទាប់ពីបានសន្និដ្ឋានថា ការចូលរួមមានកំណត់របស់ពួកគេ ក្នុងសង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់រយៈពេល១២ថ្ងៃគឺជាកំហុសយុទ្ធសាស្ត្រ។

ប្រភពក៏បានអះអាងដែរថា ប្រទេសអ៊ីរ៉ង់បានបែងចែកធនធានយ៉ាងច្រើន រួមទាំងទឹកប្រាក់ប៉ាន់ស្មានចំនួន១ពាន់លានដុល្លារត្រឹមឆ្នាំ២០២៥ ដើម្បីពង្រឹងសមត្ថភាពរបស់សម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការវាយលុកគោលដៅនៅក្នុងប្រទេសអ៊ីស្រាអែល និងក្នុងតំបន់។

ការវាយតម្លៃរបស់អ៊ីស្រាអែល ដែលដកស្រង់ដោយកាសែតបង្ហាញថា Kataib Hezbollah នៅក្នុងប្រទេសអ៊ីរ៉ាក់ មានការស្ទាក់ស្ទើរក្នុងការចូលរួមក្នុងការប្រឈមមុខគ្នា ខណៈដែលក្រុម Hezbollah នៅលីបង់ និងក្រុម Houthi ទំនងជាចូលរួមផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top