ព័ត៌មានអន្តរជាតិ

​ កងទ័ពអាមេរិក​ រាប់រយនាក់ ត្រូវបានជម្លៀសចេញ ពីមូលដ្ឋានទ័ពនៅកាតា និងបារ៉ែន

វ៉ាស៊ីនតោន៖ កងទ័ពអាមេរិករាប់រយនាក់ ត្រូវបានជម្លៀសចេញពីមូលដ្ឋានទ័ពអាមេរិកនៅកាតា និងបារ៉ែន ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការវាយប្រហារយោធា របស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ នេះបើយោងតាមរបាយការណ៍របស់ The New York Times។

របាយការណ៍នេះបានឧ្យដឹងថា មានការជម្លៀសនៅមូលដ្ឋាន Al Udeid ក្នុងប្រទេសកាតា និងចង្កោមមូលដ្ឋានទ័ពអាមេរិកនៅបារ៉ែន ដែលជាទីតាំងរបស់កងនាវាទីប្រាំ របស់កងទ័ពជើងទឹកអាមេរិក។

ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានឧ្យដឹងកាលពីថ្ងៃសុក្រថា លោកកំពុងពិចារណាលើការវាយប្រហារយោធាមានកំណត់លើអ៊ីរ៉ង់ ដើម្បីដាក់សម្ពាធលើទីក្រុងតេអេរ៉ង់ ឱ្យទទួលយកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

នៅថ្ងៃសុក្រម្សិលមិញនេះផងដែរ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា សេចក្តីព្រាងកិច្ចព្រមព្រៀង នុយក្លេអ៊ែរដែលអាចធ្វើទៅបានរបស់ទីក្រុង តេអេរ៉ង់​ ជាមួយសហរដ្ឋអាមេរិកនឹងរួចរាល់ក្នុងរយៈពេលពីរទៅបីថ្ងៃខាងមុខ ហើយបន្ទាប់ពីនោះ ភាគីទាំងពីរ «អាចត្រូវការការពិភាក្សាមួយជុំទៀត មុនពេលចាប់ផ្តើមការងារឆ្ពោះទៅរកការសន្និដ្ឋានដ៏ល្អមួយ ដោយសង្ឃឹមថានឹងទទួលបាន»។

នៅក្នុងបទសម្ភាសន៍ជាមួយ MSNBC លោក Araghchi បានលេីកឡេីងថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចទាំង​ សម្រាប់សង្គ្រាម និងសន្តិភាព។

នៅថ្ងៃព្រហស្បតិ៍ លោក ត្រាំ បាននិយាយថា អ៊ីរ៉ង់មានរយៈពេល ១០ទៅ ១៥ថ្ងៃដើម្បីឈានដល់កិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន បើមិនដូច្នោះទេ «រឿងអាក្រក់» នឹងកើតឡើង៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top