អង្គការសហប្រជាជាតិ សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពនៅអ៊ីរ៉ង់
អង្គការសហប្រជាជាតិ៖ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិបានឧ្យដឹងថា អង្គការសហប្រជាជាតិ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពជុំវិញអ៊ីរ៉ង់ ។
លោក Dujarric បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃមួយ ដើម្បីឆ្លើយតបទៅនឹងសំណួរ ដែលសួរដោយស៊ីនហួរ អំពីលិខិតមួយដែលបេសកកម្ម អចិន្ត្រៃយ៍របស់អ៊ីរ៉ង់ បានផ្ញើទៅកាន់ប្រធានអង្គការសហប្រជាជាតិ និងប្រធានក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃព្រហស្បតិ៍ថា “ហើយយើងលើកទឹកចិត្តទាំងសហរដ្ឋអាមេរិក និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ឱ្យបន្តចូលរួមក្នុងការទូត ដើម្បីដោះស្រាយភាពខុសគ្នា”។
នៅក្នុងលិខិតនោះ លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានឧ្យដឹងថា ប្រទេសនេះនឹងឆ្លើយតប «យ៉ាងម៉ឺងម៉ាត់ និងសមាមាត្រ» ចំពោះការឈ្លានពានយោធាណាមួយ ដោយអនុវត្តសិទ្ធិការពារខ្លួន ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានជំរុញ ឱ្យក្រុមប្រឹក្សាសន្តិសុខ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ «ធ្វើសកម្មភាពដោយមិនបង្អង់យូរ មុនពេលវាយឺតពេល»។
យោងតាមលោក Dujarric លិខិតនោះបានទៅដល់ក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាត ដូចដែលបានស្នើសុំដោយបេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា
