ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក​ មានជំហរពីរលើបញ្ហាអ៊ុយក្រែន

មូស្គូ៖ មន្ត្រីរុស្ស៊ីម្នាក់បានឧ្យដឹងថា សហរដ្ឋអាមេរិក​ មានជំហរពីរលើវិបត្តិអ៊ុយក្រែន​ ក្នុងគ្រាដែលខ្លួនផ្គត់ផ្គង់អាវុធដល់កងកម្លាំងអ៊ុយក្រែនក្នុងពេលដំណាលគ្នា ខណៈពេលដែលកំពុងខិតខំប្រឹងប្រែងស្វែងរកជម្រើស​ ដើម្បីដោះស្រាយវិបត្តិ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឧ្យដឹងថា សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលថាសហរដ្ឋអាមេរិកបានគ្រប់គ្រងនាំរុស្ស៊ី និងអ៊ុយក្រែនមកកាន់តុចរចា​ គឺមិនត្រឹមត្រូវ។

លោកស្រី Zakharova បានធ្វើអត្ថាធិប្បាយលើការកត់សម្គាល់របស់លោក Rubio កាលពីថ្ងៃអាទិត្យនៅឯសន្និសីទសន្តិសុខទីក្រុង Munich ថាសហរដ្ឋអាមេរិក «ស្ថិតក្នុងជំហរពិសេសមួយជាប្រទេសតែមួយគត់ក្នុងពិភពលោកដែលបានគ្រប់គ្រងនាំតំណាងរុស្ស៊ី និងអ៊ុយក្រែនមកកាន់តុចរចា»។

លោកស្រី Zakharova បានលេីកឡេីងថា «ការអះអាងថា​ មានតែសហរដ្ឋអាមេរិកទេដែលអាច ដាក់រុស្ស៊ី និងអ៊ុយក្រែននៅតុចរចា​ គឺមិនត្រឹមត្រូវទាំងស្រុងនោះទេ»។

លោកស្រីបានបន្ថែមថា ប្រទេសជាច្រើនកំពុងសម្របសម្រួលការដោះស្រាយដោយសន្តិវិធី រួមទាំងប្រទេសបេឡារុស្ស និងតួកគី ដែលបានជួយរៀបចំការចរចាចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមមក៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top