ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ នឹងរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ​ ខណៈដែលលោក ត្រាំ កំពុងពិចារណាការវាយប្រហារយោធាមានកំណត់

គែរ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ទីក្រុងតេអេរ៉ង់នឹងរៀបចំសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​ ដែលអាចធ្វើទៅបានជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេលពីរទៅបីថ្ងៃ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា លោកកំពុងពិចារណាលើការវាយប្រហារយោធាមានកំណត់លើអ៊ីរ៉ង់។

នៅក្នុងបទសម្ភាសន៍ជាមួយ MSNBC ខណៈពេលដែលកំពុងពន្យល់អំពីការចរចានុយក្លេអ៊ែរដោយប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក និងវិធីដើម្បីបំបាត់ភាពខុសគ្នាលើបញ្ហានុយក្លេអ៊ែរ លោក Araghchi បានឧ្យដឹងថា «ជំហានបន្ទាប់របស់ខ្ញុំ​ គឺការបង្ហាញសេចក្តីព្រាងនៃកិច្ចព្រមព្រៀង​ ដែលអាចធ្វើទៅបានដល់សមភាគីអាមេរិករបស់ខ្ញុំ» ដោយកត់សម្គាល់ថាសេចក្តីព្រាងនេះនឹងរួចរាល់ក្នុងរយៈពេលពីរទៅបីថ្ងៃខាងមុខ។

លោក​បាន​លេីកឡេីងថា សេចក្តីព្រាង​នេះ ដែល​នៅពេល​ដែល​ថ្នាក់លើ​របស់​លោក​បាន​បញ្ចប់​រួចរាល់​ហើយ​នោះ នឹង​ត្រូវ​ប្រគល់​ជូន​លោក Steve Witkoff បេសកជន​ពិសេស​របស់​ប្រធានាធិបតី​អាមេរិក ដោយ​បន្ថែម​ថា ភាគី​ទាំងពីរ «អាច​ត្រូវការ​ការពិភាក្សា​មួយ​ជុំ​ទៀត មុន​នឹង​ចាប់ផ្តើម​ការងារ​ ដើម្បី​ឈាន​ទៅ​រក​ការ​សន្និដ្ឋាន​ល្អ»។

ក្នុងអំឡុងពេល​នៃ​ការចរចា​ដោយ​ប្រយោល​ជុំ​ទី​ពីរ​នៅ​ថ្ងៃ​អង្គារ លោក Araghchi បាន​ឧ្យដឹងថា អ៊ីរ៉ង់​មិន​បាន​ស្នើ​ផ្អាក​ការ​ចម្រាញ់​អ៊ុយរ៉ាញ៉ូម​នៅ​លើ​ទឹកដី​របស់​ខ្លួន​ទេ ហើយ​ភាគី​អាមេរិក​ក៏​មិន​បាន​ដាក់​ចេញ​នូវ​ការទាមទារ​បែបនេះ​ដែរ។

លោក​បាន​ពន្យល់​ថា «អ្វីដែល​យើង​កំពុង​និយាយ​ឥឡូវនេះ គឺ​របៀប​ធ្វើ​ឲ្យ​ប្រាកដ​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ រួមទាំង​ការ​ចម្រាញ់​អ៊ុយរ៉ាញ៉ូម គឺ​មាន​សន្តិភាព និង​នឹង​នៅ​តែ​មាន​សន្តិភាព​ជា​រៀង​រហូត»៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top