ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថានអះអាងថា ការវាយប្រហារ តាមបណ្ដោយព្រំដែន អាហ្វហ្គានីស្ថាន បានសម្លាប់ពួកសកម្មប្រយុទ្ធ យ៉ាងហោចណាស់ ៧០នាក់

បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប៉ាគីស្ថានបាននិយាយថា យោធាប៉ាគីស្ថានបានសម្លាប់ ពួកសកម្មប្រយុទ្ធ យ៉ាងហោចណាស់ ៧០ នាក់នៅក្នុងការវាយប្រហារ តាមបណ្តោយព្រំដែន ជាមួយអាហ្វហ្គានីស្ថានកាលពីព្រឹកថ្ងៃអាទិត្យ ដោយកំណត់គោលដៅលើអ្វី ដែលខ្លួនពិពណ៌នាថា ជាកន្លែងលាក់ខ្លួនរបស់ពួក សកម្មប្រយុទ្ធនៅប៉ាគីស្ថាន ដែលខ្លួនបានស្តីបន្ទោស ចំពោះការវាយប្រហារថ្មីៗនេះនៅក្នុងប្រទេស។ ចំណែកទីក្រុងកាប៊ុល បានបដិសេធការអះអាងនេះ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Talal Chaudhry អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថានមិនបានផ្តល់ភស្តុតាងសម្រាប់ការអះអាងរបស់លោកនៅក្នុងបទសម្ភាសន៍ជាមួយ Geo News ដោយត្រឹមថា យ៉ាងហោចណាស់ពួកសកម្មប្រយុទ្ធ ៧០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋប៉ាគីស្ថានក្រោយមកបានរាយការណ៍ថា ការស្លាប់របស់ពួកសកម្មប្រយុទ្ធបានកើនឡើងដល់ ៨០ នាក់។

ចំណែកក្រសួងការពារជាតិអាហ្វហ្គានីស្ថានវិញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តំបន់ស៊ីវិលផ្សេងៗ” នៅក្នុងខេត្ត Nangarhar និង Paktika ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានត្រូវបានវាយប្រហារ រួមទាំងសាលាសាសនា និងផ្ទះជាច្រើន។ សេចក្តីថ្លែងការណ៍នេះបានហៅការវាយប្រហារទាំងនោះថា ជាការរំលោភលើដែនអាកាស និងអធិបតេយ្យភាពរបស់ប្រទេសអាហ្វហ្គានីស្ថាន។

អ្នកនាំពាក្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានលោក Zabihullah Mujahid បាននិយាយនៅលើបណ្ដាញសង្គម X ថា ការវាយប្រហារ “បានសម្លាប់ និងរបួសរាប់សិបនាក់ រួមទាំងស្ត្រី និងកុមារ”។ លោកបាននិយាយថា ការអះអាងរបស់ប៉ាគីស្ថានអំពីការសម្លាប់ពួកសកម្មប្រយុទ្ធ ៧០ នាក់គឺ “មិនត្រឹមត្រូវ”ឡើយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top