ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់និងអាមេរិក បើកការចរចាគ្នាឡើងវិញ ក្នុងអំឡុងពេលតានតឹង ខ្លាំងនៃយោធា

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានសម្រេចចិត្តបន្តការ ចរចាទោះបីជាចក្ខុវិស័យ ខុសគ្នាខ្លាំងរបស់ពួកគេអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងការកសាងយោធា ដ៏សំខាន់របស់សហរដ្ឋអាមេរិកបង្ហាញពីភាព ផុយស្រួយនៃដំណើរការ និងហានិភ័យនៃការប្រឈមមុខគ្នាដែលកំពុងបន្ត។

រដ្ឋមន្ត្រីការបរទេសអូម៉ានីលោក Sayyid Badr bin Hamad bin Hamood Albusaidi បាននិយាយកាលពីថ្ងៃអាទិត្យថា ជុំបន្ទាប់នៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងធ្វើឡើង នៅថ្ងៃព្រហស្បតិ៍នៅទីក្រុងហ្សឺណែវ។

រដ្ឋមន្ត្រីបាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ៖រីករាយក្នុងការបញ្ជាក់ការចរចាររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឥឡូវនេះត្រូវបានកំណត់ សម្រាប់ទីក្រុងហ្សឺណែវនៅថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងការជំរុញជាវិជ្ជមាន ដើម្បីឆ្ពោះទៅរកការបញ្ចប់កិច្ចព្រមព្រៀងនេះ។

ទីភ្នាក់ងារ IRNA ផ្លូវការរបស់អ៊ីរ៉ង់បានរាយការណ៍ថា នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi និងជាអគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ ការចូលរួមក្នុងន័យស្ថាបនា និងការប្រើប្រាស់ផ្លូវនៃកិច្ចសន្ទនា ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រកបដោយនិរន្តរភាព។

គួរឲ្យដឹងដែរការវិវត្តនេះបានធ្វើឡើង ក្រោយការកត់សម្គាល់របស់លោក Araghchi កាលពីថ្ងៃសុក្រនៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក MSNBC ថាទីក្រុងតេហរ៉ង់ នឹងរៀបចំសេចក្តីព្រាង នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរដែលអាចកើតមាន ជាមួយសហរដ្ឋអាមេរិកក្នុងរយៈពេលពីរទៅបីថ្ងៃ ហើយបញ្ជូនវាទៅគណៈប្រតិភូ សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top