អូម៉ង់បញ្ជាក់ថា ការចរចារវាងអាមេរិក និងអ៊ីរ៉ង់ ត្រូវបានកំណត់ សម្រាប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅទីក្រុងហ្សឺណែវ
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr bin Hamad bin Hamood Albusaidi បានឧ្យដឹងថា កិច្ចចរចាជុំបន្ទាប់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅទីក្រុងហ្សឺណែវ។
រដ្ឋមន្ត្រីរូបនេះបានឧ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “យើងរីករាយក្នុងការបញ្ជាក់ថា ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឥឡូវនេះត្រូវបានកំណត់សម្រាប់ទីក្រុងហ្សឺណែវនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាមួយនឹងការជំរុញវិជ្ជមានមួយ ដើម្បីខិតខំប្រឹងប្រែងបន្ថែមទៀត ឆ្ពោះទៅរកការបញ្ចប់កិច្ចព្រមព្រៀង”។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា លោកទំនងជានឹងជួបជាមួយលោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក នៅទីក្រុងហ្សឺណែវ នៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីសេចក្តីព្រាងសំណើនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលអាចធ្វើទៅបាន ដែលទីក្រុងតេអេរ៉ង់ នឹងរៀបចំ។
លោក Araghchi បានលេីកឡេីងថា ប្រសិនបើសហរដ្ឋអាមេរិកស្វែងរកដំណោះស្រាយ ចំពោះកម្មវិធីនុយក្លេអ៊ែរ «ដោយសន្តិវិធី» របស់អ៊ីរ៉ង់ ការទូត គឺជាមធ្យោបាយតែមួយគត់ ដោយបន្ថែមថា អ៊ីរ៉ង់បានបង្ហាញឱ្យឃើញពីរឿងនោះកាលពីអតីតកាល «ហើយខ្ញុំជឿថានៅតែមានឱកាសល្អក្នុងការមានដំណោះស្រាយការទូត ដែលផ្អែកលើល្បែងឈ្នះ-ឈ្នះ»។
លោកបានបន្ថែមថា ដំណោះស្រាយមួយស្ថិតនៅក្នុងដៃរបស់ភាគីទាំងពីរ ហើយមិនចាំបាច់មានការកសាងយោធាណាមួយឡើយ ព្រោះវាមិនអាចជួយដល់ដំណើរការនេះ ឬដាក់សម្ពាធលើអ៊ីរ៉ង់ឡើយ៕
ប្រែសម្រួល ឈូក បូរ៉ា
