ព័ត៌មានអន្តរជាតិ

​ រុស្ស៊ី​ អះអាងពីការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលអ៊ុយក្រែន និងបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ៣២៦ គ្រឿង

មូស្គូ៖ រុស្ស៊ីបាននិយាយ កាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់ទម្លាក់រ៉ុក្កែត HIMARS ចំនួន ៧ គ្រាប់ គ្រាប់បែកណែនាំផ្លូវអាកាសចំនួន ៥ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកស្លាបថេរចំនួន ៣២៦ គ្រឿង ដែលបាញ់ដោយកងកម្លាំងអ៊ុយក្រែនក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។

ក្រសួងការពារជាតិរុស្ស៊ីបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រព័ន្ធការពារដែនអាកាស​ បានបំផ្លាញគ្រាប់បែកណែនាំផ្លូវអាកាសចំនួន ៥ គ្រាប់ រ៉ុក្កែតចំនួន ៧ គ្រាប់ពីប្រព័ន្ធរ៉ុក្កែតបាញ់ច្រើន HIMARS ដែលផលិតនៅសហរដ្ឋអាមេរិក និងយន្តហោះគ្មានមនុស្សបើកស្លាបថេរចំនួន ៣២៦ គ្រឿង”។

ទន្ទឹមនឹងនេះ កងកម្លាំងរុស្ស៊ី​ បានបើកការវាយប្រហារ ដោយប្រើអាវុធ​ ដែលមានភាពជាក់លាក់ខ្ពស់ រយៈចម្ងាយឆ្ងាយប្រឆាំងនឹងទីតាំង ឧស្សាហកម្មយោធាអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធ ថាមពល​ ដែលគាំទ្រកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដោយគោលដៅដែលបានកំណត់ទាំងអស់ ត្រូវបានវាយប្រហារ។

សេចក្តីថ្លែងការណ៍នោះបានឧ្យដឹងថា «កងកម្លាំងប្រដាប់អាវុធរុស្ស៊ី​ បានធ្វើការវាយប្រហារ ទ្រង់ទ្រាយធំមួយ ដោយប្រើប្រាស់អាវុធបាញ់ពីចម្ងាយឆ្ងាយ ទាំងលើដី និងលើអាកាស ក៏ដូចជាយន្តហោះគ្មានមនុស្សបើក ប្រឆាំងនឹងទីតាំងឧស្សាហកម្មយោធអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលប្រើប្រាស់​ ដើម្បីទ្រទ្រង់ប្រតិបត្តិការ យោធាអ៊ុយក្រែន។ គោលបំណងនៃការវាយប្រហារ ត្រូវបានសម្រេចយ៉ាងពេញលេញ​ ហេីយគោលដៅ ដែលបានកំណត់ទាំងអស់ត្រូវបានបំផ្លាញ» ៕

To Top