ព័ត៌មានអន្តរជាតិ

ភ្ញៀវទេសចរចិន ក្នុងកំឡុងឈប់ សម្រាកចូលឆ្នាំចិន រួមចំណែកជំរុញ សេដ្ឋកិច្ចសាកល

ពិធីបុណ្យចូលឆ្នាំចិន ជាពេលវេលាឈប់សម្រាកសំខាន់បំផុតមួយ នៅក្នុងប្រតិទិនចិន ។ រយៈពេលឈប់សម្រាកនេះ មិនត្រឹមតែជា ឱកាសសម្រាប់ការជួបជុំគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាពេលវេលា ដ៏មានប្រជាប្រិយភាពសម្រាប់ការធ្វើដំណើរទេសចរណ៍ផងដែរ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ភ្ញៀវទេសចរចិន បានក្លាយជាកម្លាំងដ៏ធំមួយ ក្នុងឧស្សាហកម្មទេសចរណ៍សាកល ដោយផ្តល់ផលប្រយោជន៍ យ៉ាងច្បាស់លាស់ដល់សេដ្ឋកិច្ច របស់ប្រទេសជាច្រើន នៅទូទាំងពិភពលោក ។

មុនពេលផ្ទុះជំងឺកូវីដ-១៩ ចិន គឺជាប្រភពភ្ញៀវទេសចរ ចេញក្រៅប្រទេសធំបំផុតនៅលើពិភពលោក។ នៅឆ្នាំ២០១៩ ភ្ញៀវទេសចរចិន បានធ្វើដំណើរ ចេញក្រៅប្រទេស ប្រមាណ១៥៥លាននាក់ ដោយចំណាយសរុបជាង២៥៥ពាន់លានដុល្លារអាមេរិក ។ ក្នុងអំឡុងពេលឈប់សម្រាក ចូលឆ្នាំចិនតែឯង ក្នុងឆ្នាំ២០១៩ មានភ្ញៀវចិន ជាង៧លាននាក់បានធ្វើដំណើរចេញក្រៅប្រទេស។ រយៈពេលពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ការធ្វើដំណើរទេសចរណ៍ ចេញក្រៅប្រទេសរបស់ភ្ញៀវចិន បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារគោលនយោបាយរឹតបន្តឹង របស់រដ្ឋាភិបាលចិន ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ ។ នៅឆ្នាំ២០២០ ចំនួនភ្ញៀវទេសចរចិន ចេញក្រៅប្រទេសបានធ្លាក់ចុះប្រមាណ៨៧% ធៀបនឹងឆ្នាំ២០១៩ ហើយបានងើបឡើងវិញ ក្រោយជំងឺកូវីដ នៅឆ្នាំ២០២៣ ។ នៅក្នុងកំឡុងឈប់សម្រាក ចូលឆ្នាំចិនឆ្នាំ២០២៣ មានភ្ញៀវចិនប្រមាណ២.៦លាននាក់បានធ្វើដំណើរចេញក្រៅប្រទេស ដែលស្មើនឹងប្រមាណ៣៥%ភ្ញៀវចិន ឆ្នាំ២០១៩ ហើយការចំណាយសរុបត្រូវបានប៉ាន់ស្មានប្រមាណ៣.៥ពាន់លានដុល្លារ ។ នៅក្នុងឆ្នាំ២០២៤ បានឃើញការកើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងកំឡុងឈប់សម្រាកចូលឆ្នាំចិនឆ្នាំ២០២៤ មានភ្ញៀវចិនប្រមាណ៤.៥លាននាក់ធ្វើដំណើរចេញក្រៅប្រទេស (ប្រមាណ៦០-៦៥% នៃកម្រិតឆ្នាំ២០១៩) ដោយចំណាយសរុបប្រមាណ៦.៨ពាន់លានដុល្លារ ។

ការធ្វើដំណើរទេសចរណ៍របស់ភ្ញៀវចិនក្នុងកំឡុងឈប់សម្រាកចូលឆ្នាំចិនឆ្នាំ២០២៥ (ខែមករា-កុម្ភៈ២០២៥) បានកើនឡើងដល់៧៥-៨០% នៃកម្រិតឆ្នាំ២០១៩ ជាមួយនឹងចំនួនភ្ញៀវប្រមាណ៥.៥លាននាក់ និងការចំណាយប្រមាណ១០ពាន់លានដុល្លារ។ សម្រាប់ឆ្នាំ២០២៦ ការងើបឡើងវិញរំពឹងថានឹងបន្តកើនឡើង ដោយអាចឈានដល់៨៥-៩០% នៃកម្រិតមុនជំងឺកូវីដ។

ប្រទេសនៅអាស៊ីអាគ្នេយ៍ នៅតែជាគោលដៅពេញនិយមបំផុត សម្រាប់ភ្ញៀវទេសចរចិន ជាពិសេស ប្រទេសកម្ពុជា សិង្ហបុរី មាឡេស៊ី វៀតណាម និងថៃ ទទួលបានចំនួនភ្ញៀវចិនច្រើនបំផុត។ ទោះបីជាការធ្វើដំណើរទៅអឺរ៉ុបមានតម្លៃថ្លៃជាងក៏ដោយ ក៏ប្រទេសដូចជាបារាំង អ៊ីតាលី និងអេស្ប៉ាញ នៅតែទាក់ទាញភ្ញៀវចិនដែលមានចំណូលខ្ពស់។ បន្ថែមលើនេះទៀត តំបន់ប៉ាស៊ីហ្វិកខាងត្បូងក៏ទទួលបានផលប្រយោជន៍ផងដែរ ជាពិសេសអូស្រ្តាលីដែលបានទទួលភ្ញៀវចិនយ៉ាងច្រើន ។

ការធ្វើដំណើរដោយភ្ញៀវទេសចរចិន មានការចំណាយខ្ពស់ជាងមធ្យមភាគ នៃការចំណាយរបស់ភ្ញៀវមកពីប្រភពផ្សេង ជាពិសេសលើការប្រើប្រាស់ ផលិតផលប្រណីត ការទស្សនា និង កន្លែងស្នាក់នៅ ។ ការចំណាយនេះ បានរួមចំណែកដល់សាកលលោក ក្នុងការបង្កើតការងារ តាមបណ្តាប្រទេសគោលដៅ ទេសចរណ៍នានាលើសាកលលោក ដែលគេមើលឃើញថា ឧស្សាហកម្មទេសចរណ៍ ដែលពឹងផ្អែកលើភ្ញៀវចិន ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនមគ្គុទេសក៍ទេសចរណ៍ បានបង្កើតការងាររាប់លាននាក់នៅទូទាំងពិភពលោក។ ជាមួយគ្នានេះ ភ្ញៀវ ចិន បានរួមចំណែកលើកទឹកចិត្ត ឱ្យប្រទេសជាច្រើនបានវិនិយោគលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ រួមទាំងការបង្កើន យន្តហោះ ជើងហោះហើរ ការកែលម្អប្រព័ន្ធទូទាត់តាមអេឡិចត្រូនិច និងការបណ្តុះបណ្តាលបុគ្គលិកឱ្យនិយាយភាសាចិន។
មិនតែប៉ុណ្ណោះកំណើនភ្ញៀវទេសចរចិន បានធ្វើឱ្យទីផ្សារថ្មីៗ កំពុងលេចចេញមក ដូចជា ទេសចរណ៍រយៈពេលវែង និងទេសចរណ៍បណ្តុះវប្បធម៌។ ក្រុមភ្ញៀវទេសចរវ័យក្មេង នឹងបង្កើនការធ្វើដំណើរ តាមបែបឯករាជ្យ ដោយមិនពឹងពាក់លើក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ព្រមទាំងជំរុញ ដល់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការតភ្ជាប់ភ្ញៀវនិងអ្នកផ្តល់សេវាផងដែរ ។

សរុមមក ភ្ញៀវទេសចរចិនក្នុងកំឡុងឈប់សម្រាកចូលឆ្នាំចិន នៅតែជាកម្លាំងសំខាន់មួយក្នុងឧស្សាហកម្មទេសចរណ៍សាកល។ ទោះបីជាការងើបឡើងវិញក្រោយជំងឺកូវីដមានភាពយឺតយ៉ាវបន្តិចក៏ដោយ ក៏ទិន្នន័យបង្ហាញនូវទិសដៅវិជ្ជមានក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ ការវិលត្រឡប់មកវិញ នៃភ្ញៀវចិន មិនត្រឹមតែផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់ប្រទេសគោលដៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង លើកកម្ពស់ការយល់ដឹងវប្បធម៌ និង កសាងទំនាក់ទំនងអន្តរជាតិផងដែរ។ ប្រទេសនានា ដែលអាចរៀបចំខ្លួនបំពេញ តម្រូវការនិងចំណង់ចំណូលចិត្តថ្មីៗ របស់ភ្ញៀវចិន នឹងទទួលបាននូវ ផលប្រយោជន៍អតិបរមាពីទីផ្សារដ៏សំខាន់នេះបន្តទៅមុខទៀត។

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

To Top