ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់​ គូសបញ្ជាក់ពីភាពធន់ និងឯកភាពាជាតិ​ ចំពេលមានការចរចា នុយក្លេអ៊ែរ និងសម្ពាធពីអាមេរិក

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋបាលលោក​ ចំពោះភាពធន់ និងឯកភាពជាតិ ដោយបញ្ជាក់ថា អ៊ីរ៉ង់ នឹងមិនចុះចាញ់នឹងសម្ពាធពីខាងក្រៅឡើយ ខណៈពេលដែលខ្លួនកំពុងស្វែង រកការចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុង តេអេរ៉ង់ លោក Pezeshkian បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត របស់ប្រទេសជាតិ ក្នុងការយកឈ្នះលើបញ្ហាប្រឈម និងការពារសេចក្តីថ្លៃថ្នូររបស់ខ្លួន។

លោកបានមានប្រសាសន៍នៅក្នុងសុន្ទរកថា ផ្សាយផ្ទាល់ដោយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋថា “យើងនឹងខិតខំប្រឹងប្រែង ហើយនឹងមិនឱនក្បាល​ ចំពោះការលំបាកណាមួយ ដែលយើងកំពុងប្រឈមមុខនោះទេ”។

លោកបានលេីកឡេីងថា “យើងនឹងខិតខំប្រឹងប្រែង​ ដើម្បីបង្កើតសេចក្តីថ្លៃថ្នូរ និងមោទនភាពសម្រាប់ប្រទេសរបស់យើង ហើយយើងនឹងធ្វើការដោយមិនគិតពីប្រយោជន៍ ផ្ទាល់ខ្លួនសម្រាប់ប្រទេសរបស់យើង”។

ខណៈពេលដែលទទួល ស្គាល់ការលំបាក លោក Pezeshkian បានអំពាវនាវឱ្យមានសាមគ្គីភាពជាតិ ដោយជំរុញឱ្យប្រជាជន អ៊ីរ៉ង់ ដាក់ភាពខុសគ្នាមួយឡែក​ និងរក្សាសាមគ្គីភាព៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top