នាយករដ្ឋមន្ត្រីកាណាដា នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា អូស្ត្រាលី និងជប៉ុន ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្មឱ្យឆ្ងាយពីសហរដ្ឋអាមេរិក
បរទេស៖ ការិយាល័យរបស់នាយករដ្ឋមន្ត្រីកាណាដា បានប្រកាសនៅថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា អូស្ត្រាលី និងជប៉ុននៅសប្តាហ៍នេះ និងសប្តាហ៍ក្រោយ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយរបស់លោក ដើម្បីធ្វើពិពិធកម្មពាណិជ្ជកម្មឱ្យឆ្ងាយពីសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Carney នឹងទៅទស្សនកិច្ចទីក្រុងមុំបៃ ប្រទេសឥណ្ឌា ជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងថ្នាក់ដឹកនាំធុរកិច្ច។
ក្នុងអំឡុងពេលឈប់សម្រាកនៅទីក្រុងកង់បេរ៉ា ប្រទេស អូស្រ្តាលី លោក Carney នឹងថ្លែងសុន្ទរកថាទៅកាន់សភាទាំងពីររបស់ប្រទេសអូស្ត្រាលី ដែលធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីកាណាដាដំបូងគេដែលបានធ្វើដូច្នេះក្នុងរយៈពេល២០ឆ្នាំ។
លោកក៏នឹងជួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ដើម្បីពិភាក្សាអំពីការអភិវឌ្ឍវិស័យការពារជាតិ និងបញ្ញាសិប្បនិម្មិត (AI)។
បន្ទាប់មក លោក Carney នឹងធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae ដើម្បីពិភាក្សាអំពីថាមពលស្អាត រ៉ែសំខាន់ៗ និងសន្តិសុខស្បៀងអាហារ។
លោក Carney បានកំណត់គោលដៅសម្រាប់ប្រទេសកាណាដាក្នុងការបង្កើនទ្វេដងនូវផលិតផលនាំចេញមិនមែនរបស់សហរដ្ឋអាមេរិកនៅក្នុងទសវត្សរ៍ក្រោយ ដោយនិយាយថា ពន្ធគយរបស់អាមេរិកកំពុងបង្កឱ្យមានភាពច្របូកច្របល់ក្នុងការវិនិយោគ។
សូមជម្រាបថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមកំហែងដល់សេដ្ឋកិច្ច និងអធិបតេយ្យភាពរបស់ប្រទេសកាណាដាជាមួយនឹងពន្ធគយ ដែលភាគច្រើនជាការប្រមាថដោយការអះអាងថា ប្រទេសកាណាដាអាចជា “រដ្ឋទី 51″របស់អាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា
