អ៊ីរ៉ង់ ជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ ធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ លើការវាយប្រហារ របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល
អង្គការសហប្រជាជាតិ ៖ លោក Amir Saeid Iravani តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានឧ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ «ត្រូវតែធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់» លើការវាយប្រហារយោធា ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់សារព័ត៌មាន លោក Iravani បានលេីកឡេីងថា សហរដ្ឋអាមេរិក ដោយមានការសម្របសម្រួល យ៉ាងពេញលេញជាមួយអ៊ីស្រាអែល បានបើកការវាយប្រហារយោធា «ដោយចេតនា និងគ្មានការញុះញង់លើកទីពីរ» ប្រឆាំងនឹងអ៊ីរ៉ង់ ដែលជា «សកម្មភាពឈ្លានពានដែលបានគ្រោងទុក»។
លោកបានបន្ដថា «ទីក្រុងធំៗ និង តំបន់ស៊ីវិលដែលមានប្រជាជនរស់នៅច្រើនកុះករត្រូវបានកំណត់គោលដៅ។ ជនស៊ីវិលស្លូតត្រង់រាប់រយនាក់ បានបាត់បង់ជីវិត និងជាច្រើនទៀតបានរងរបួស»។
លោក Iravani បានបន្ថែមថា «នេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋណាមួយ»។
លោកបានគូសបញ្ជាក់ថា «វាជាការវាយប្រហារដោយផ្ទាល់ទៅលើគ្រឹះនៃច្បាប់អន្តរជាតិ ការពិតគឺច្បាស់ណាស់ ការឈ្លានពានគឺច្បាស់ណាស់ ការទទួលខុសត្រូវក៏ច្បាស់ដែរ»៕
ប្រែសម្រួល ឈូក បូរ៉ា
