ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី អំពាវនាវឲ្យអាមេរិកអ៊ីស្រាអែល និងអីរ៉ង់បញ្ឈប់ការវាយប្រហារដាក់គ្នា និងលប់បំបាត់ភាពតានតឹង

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌូនេស៊ីបានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើអ៊ីរ៉ង់ និងបានជំរុញឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារប្រឆាំងនឹងប្រទេសជិតខាង រួមទាំងប្រទេសអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត កាតា អូម៉ង់ បារ៉ែន គុយវ៉ែត និងហ្ស៊កដានី។

សេចក្តីថ្លែងការណ៍បានសម្តែងនូវ ការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ លើការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា និងផលប៉ះពាល់ក្នុងតំបន់ដ៏ទូលំទូលាយរបស់ពួកគេ ដោយដកស្រង់របាយការណ៍ពីបេសកកម្មការទូតឥណ្ឌូនេស៊ីនៅក្នុងតំបន់ផងដែរ។

ប្រទេសអាស៊ីអាគ្នេយ៍បានសង្កត់ធ្ងន់ថា ភាគីទាំងអស់ត្រូវតែគោរពច្បាប់អន្តរជាតិ ជាពិសេសការហាមឃាត់ការប្រើប្រាស់កម្លាំងប្រឆាំងនឹងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋ។

រដ្ឋាភិបាលក៏បានអំពាវនាវឱ្យមានការអត់ធ្មត់ និងបន្ថយការកើនឡើង ដោយជំរុញឱ្យមានការសន្ទនា និងការទូតជាមធ្យោបាយដោះស្រាយវិបត្តិ។

អាជ្ញាធរបាននិយាយថា ពួកគេកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាព និងឥទ្ធិពលរបស់វាទៅលើពលរដ្ឋឥណ្ឌូនេស៊ីនៅក្នុងតំបន់ ហើយបានរៀបចំផែនការបន្ទាន់ រួមទាំងការធ្វើមាតុភូមិនិវត្តន៍ដែលអាចកើតមាន ប្រសិនបើលក្ខខណ្ឌតម្រូវ៕

ប្រែសម្រួល៖ស៊ុនលី

To Top