តម្លៃប្រេងមានភាពប្រែប្រួលខ្លាំង ចំពេលមានរបាយការណ៍ផ្ទុយគ្នា អំពីសន្តិសុខ នៅច្រកសមុទ្រ Hormuz
បរទេស៖ តម្លៃប្រេងបានប្រែប្រួលឡើង យ៉ាងខ្លាំងនៅថ្ងៃអង្គារ ខណៈដែលរបាយការណ៍ ផ្ទុយគ្នាអំពីការដឹកជញ្ជូន នៅច្រកសមុទ្រ Hormuz បានធ្វើឱ្យតម្លៃប្រេងឆៅធ្លាក់ចុះស្ទើរតែពេញមួយព្រឹក បន្ទាប់មកកើនឡើងនៅពេលរសៀល។
យោងតាមសារព័ត៌មាន NBC NEWS ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ថា ប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់ទៅ 19% ដោយធ្លាក់ចុះក្រោម 77 ដុល្លារក្នុងមួយបារ៉ែល។ ប៉ុន្តែចលនាធ្លាក់ចុះនេះបានរសាត់បាត់ទៅ ហើយ West Texas Intermediate បានកើនឡើងដល់ប្រហែល 89 ដុល្លារក្នុងមួយបារ៉ែលនៅត្រឹមម៉ោង 4 រសៀល ។ ប្រេងឆៅ Brent អន្តរជាតិក៏បានធ្លាក់ចុះ 17% មកត្រឹមក្រោម 80 ដុល្លារក្នុងមួយបារ៉ែល ប៉ុន្តែក្រោយមកបានកើនឡើងដល់ជាង 90 ដុល្លារក្នុងមួយបារ៉ែល។
ចលនាធ្លាក់ចុះរបស់ប្រេងត្រូវបានពន្លឿនដោយការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមពីរដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក Chris Wright ដែលក្រោយមកត្រូវបានលុបចោល និងបដិសេធដោយសេតវិមាន។
លោក Wright បានសរសេរនៅលើ X ថា “កងទ័ពជើងទឹកអាមេរិកបានអមដំណើរ នាវាដឹកប្រេងមួយគ្រឿង ដោយជោគជ័យឆ្លងកាត់ច្រកសមុទ្រ Hormuz ដើម្បីធានាថាប្រេងនៅតែហូរទៅកាន់ទីផ្សារពិភពលោក”។
អ្នកនាំពាក្យរបស់ទីភ្នាក់ងារនេះបានស្តីបន្ទោស “បុគ្គលិកក្រសួងថាមពល” ចំពោះការ “ដាក់ចំណងជើងមិនត្រឹមត្រូវ” លើវីដេអូរបស់ Wright។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មានថា “កងទ័ពជើងទឹកសហរដ្ឋអាមេរិក មិនទាន់បានអមដំណើរ នាវាដឹកប្រេង ឬនាវាណាមួយនៅពេលនេះទេ”៕
ប្រែសម្រួល: ណៃ តុលា
