តម្លៃប្រេងធ្លាក់ចុះក្រោម ១០០ ដុល្លារ អាមេរិក ខណៈដែលក្រុមប្រទេស G7 បង្ហាញពីការត្រៀមខ្លួន រួចជាស្រេច ក្នុងការបញ្ចេញទុនបម្រុងសង្គ្រោះបន្ទាន់
ឡុងដ៍៖ តម្លៃប្រេងសកល បានធ្លាក់ចុះក្រោម ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល បន្ទាប់ពីបានកើនឡើង ដល់កម្រិតខ្ពស់បំផុតក្នុង រយៈពេលជិតពីរឆ្នាំ ខណៈដែលក្រុមប្រទេសទាំង៧ (G7) បានបង្ហាញពីការត្រៀម ខ្លួនរួចជាស្រេចក្នុងការបញ្ចេញទុនបម្រុងសង្គ្រោះបន្ទាន់ ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។
ប្រេងឆៅប្រភេទ Brent ដែលជាស្តង់ដារអន្តរជាតិ បានកើនឡើង ដល់ប្រហែល ១១៩.៥ដុល្លារក្នុងមួយបារ៉ែល ក្នុងការជួញដូរក្នុងថ្ងៃ ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២ មុនពេលធ្លាក់ចុះនៅពេល ក្រោយមកនៅត្រឹមប្រហែល ៩៩.៣៣ដុល្លារក្នុងមួយបារ៉ែល។
ការកើនឡើង នៃតម្លៃថាមពល បានបង្កើនការព្រួយ បារម្ភអំពីការរំខាន ដល់ការផ្គត់ផ្គង់ដែលទាក់ទង នឹងជម្លោះ ដែលកំពុងបន្តដែលពាក់ព័ន្ធនឹងអ៊ីស្រាអែល សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ ជាពិសេសការគំរាមកំហែង ដែលអាចកើតមាន ចំពោះការដឹកជញ្ជូន តាមច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មប្រេង និងឧស្ម័នសកល។ ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈត្រូវបានឆ្លុះបញ្ចាំងយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារប្រេងឥន្ធនៈលក់ដុំ និងលក់រាយរបស់ប្រទេសនៅអឺរ៉ុប។
នៅប្រទេសលីទុយអានី តម្លៃលក់រាយជាមធ្យមបានកើនឡើងដល់ ១.៥៨អឺរ៉ូ (ប្រហែល ១.៨៣ដុល្លារអាមេរិក) ក្នុងមួយលីត្រសម្រាប់សាំង និង ១.៩៣អឺរ៉ូ (ប្រហែល ២.២៤ដុល្លារ) ក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត ដែលតំណាងឱ្យការកើនឡើងប្រហែល ៧.៣ភាគរយ និង ១៧.៦ភាគរយពីមួយសប្តាហ៍មុនរៀងៗខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា
