ព័ត៌មានអន្តរជាតិ

តួកគី​ ជំរុញឱ្យបន្ដកិច្ចចរចាសន្តិភាពអ៊ុយក្រែន​ ទោះបីជាមានការវាយប្រហារពីអាមេរិក-អ៊ីស្រាអែល​ លើអ៊ីរ៉ង់ក៏ដោយ

អង់ការ៉ា៖​ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី​ កុំឱ្យយុទ្ធនាការយោធាអាមេរិក-អ៊ីស្រាអែល​ ដែលកំពុងកើនឡើងប្រឆាំងនឹងអ៊ីរ៉ង់​ ធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែង​ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយអំពាវនាវឱ្យមានការចរចាសន្តិភាពឡើងវិញ “ដោយមិនពន្យារពេល”។

នៅក្នុងការហៅទូរស័ព្ទ លោក Erdogan បានឧ្យដឹងថា ជម្លោះដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ “មិនគួររំខានដល់ការស្វែងរកសន្តិភាពនៅអ៊ុយក្រែននោះទេ” នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីប្រធានាធិបតីតួកគី។ លោកបានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់ទីក្រុងអង់ការ៉ាក្នុងការផ្តល់ “ការគាំទ្រចាំបាច់ទាំងអស់” សម្រាប់ជំហានណាមួយឆ្ពោះទៅរកការបញ្ចប់សង្គ្រាមរយៈពេលជិតបីឆ្នាំ។

លោក Erdogan ក៏បានជំរុញឱ្យមានការរៀបចំបទឈប់បាញ់​ ដែលនឹងការពារហេដ្ឋារចនាសម្ព័ន្ធថាមពល និងកំពង់ផែ ដោយកំណត់វិធានការបែបនេះថាមានសារៈសំខាន់សម្រាប់ការកសាងទំនុកចិត្តរវាងទីក្រុងគៀវ និងទីក្រុងមូស្គូ និងជំរុញស្ថិរភាពក្នុងតំបន់ឱ្យកាន់តែទូលំទូលាយ។ លោកបានសង្កត់ធ្ងន់ដោយឡែកថា សន្តិសុខដែនសមុទ្រនៅសមុទ្រខ្មៅនៅតែជាអាទិភាពដ៏សំខាន់សម្រាប់ប្រទេសតួកគី។

លោក ង្សេឡិនស្គី បានបញ្ជាក់ពីការអំពាវនាវនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបន្ថែមថា លោក Erdogan បានស្នើធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាត្រីភាគីជុំបន្ទាប់ក្នុងចំណោមអ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ី ដែលជាសំណើមួយដែលទីក្រុងគៀវបានឧ្យដឹងថា ខ្លួនស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដេីមនេះ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top