ព័ត៌មានអន្តរជាតិ

បទវិភាគ៖​ ផ្តោតសំខាន់លើ​មហាសន្និបាត ​នៃសភាទាំងពីរ​របស់ចិន ​​យល់​ដឹង​ពី​កម្លាំងផលិតកម្ម​ដែល​បង្កប់​ក្នុង “សេវាកម្ម”​

 “ពង្រឹងសមត្ថភាព​និងលើកកម្ពស់​គុណភាព​នៃឧស្សាហកម្ម​សេវា​កម្ម”​ ការ​លើក​ឡើង​ក្នុង​របាយការណ៍​ការងារនៃ​រដ្ឋាភិបាល​ដែលដាក់​ជូន​ពិនិត្យពិភាក្សា​កាលពីថ្ងៃ​ទី៥ខែមីនា​បាន​បណ្តាល​ឱ្យ​មាន​ការ​យកចិត្ត​ទុកដាក់យ៉ាង​ទូលំទូលាយ ។

ក្នុងនាមជា​ប្រទេស​ទីមួយលើ​ពិភពលោកខាង​ឧស្សាហកម្មកម្មន្តសាល​ ​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់ចិន​មិនអាចឃ្លាត​ពី​ការទ្រទ្រង់និង​គាំទ្រ​ពី​ឧស្សាហកម្មកម្មន្តសាល​បានឡើយ ។ ​បច្ចុ​ប្បន្ន​នេះ ​ទន្ទឹមនឹង​ការ​រួមបញ្ចូលគ្នា​​យ៉ាងស៊ីជម្រៅ​រវាងសេដ្ឋកិច្ច​ឌីជីថលនិង​សេដ្ឋកិច្ច​តួ​អង្គ​ជាក់ស្តែង​ ការប្រើប្រាស់​របស់​ប្រជាជនបាន​និង​កំពុង​ធ្វើបរិវត្តកម្ម​និងលើកកម្ពស់​លំ​ដាប់​ថ្នាក់​ពី“ការទិញទំនិញ”​ទៅជា“ការទទួល​សេវាកម្ម” ​ហើយកម្លាំង​ផលិតកម្ម​ដែលបង្កប់​ក្នុង “សេ​វាកម្ម”កំពុង​​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ដែលក្លាយជា​កម្លាំងគន្លឹះ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋ​កិច្ច ។

សូមក្រឡេក​មើលទិន្នន័យ​មួយចំនួន​សិន៖ នៅឆ្នាំ​២០២៥​ តម្លៃបន្ថែម​​នៃមុខរបរ​សេវាកម្ម​របស់​ចិន​មានទំហំ​ប្រហែលជាង​៨០​ទ្រីលាន​យាន់ប្រាក់ចិន ​កើនឡើង​៥,៤ភាគរយ​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ២០២៤​ ហើយ​អត្រា​រួមចំណែក​របស់​មុខរបរ​សេវាកម្មចំពោះ​កំណើន​សេដ្ឋ​កិច្ច​ជាតិ​បាន​ឡើង​ដល់​​៦១,៤ ភាគរយ​ ។

សូមងាក​មក​មើល​ការសិក្សា​ស្រាវជ្រាវ​មួយទៀត​៖ ក្នុងរយៈពេល​៥ឆ្នាំខាងមុខនេះ ល្បឿ​ន​កំណើន​គិតជាមធ្យម​ក្នុង​មួយ​ឆ្នាំ​នៃ​តម្លៃបន្ថែម​នៃឧស្សាហកម្ម​​សេវាកម្ម​ខាងគ្រឿងទន់​និង​បច្ចេ​ក​វិទ្យា​ព័ត៌មាន​​​មានសង្ឃឹមនឹង​ឡើងដល់​ប្រហែល ១២ ភាគរយ ហើយ​ទំហំទីផ្សារ​សេវា​កម្ម​ប្រើប្រាស់​ខាង​បញ្ញាសិប្បនិម្មិត​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ចំនួន​លើសពី​ ៨សែន​លានយាន់​ប្រា​ក់​ចិន ។

កាល​ពីមុន ការយល់ដឹង​របស់អ្នកផង​ទាំង​ពួង​​អំពី​ឧស្សាហកម្ម​សេវាកម្ម​គ្រាន់​តែ​​ស្ថិត​នៅ​ត្រង់​វិស័យ​“សេវាកម្មខាង​ជីវភាពរស់នៅ​” ដូចជា៖ គ្រឿង​ឧបភោគ​បរិភោគ​ ការទិញទំនិញ​ កា​រ​ធ្វើ​ទេសចរណ៍ ការអប់រំ។ល។​ ប៉ុន្តែអ្វី​ដែល​ជា​ការ​ទ្រទ្រង់ចំពោះ​គុណភាព​និង​ភាពធន់​នៃ​ការអភិវឌ្ឍ​អង្គភាពសេដ្ឋកិច្ច​មួយ ក៏​មាន​កម្លាំងគន្លឹះ​មួយទៀត​គឺ៖ សេវាកម្ម​លក្ខ​ណៈ​ផលិ​ត​កម្ម ។ តើអ្វី​ជាសេវាកម្ម​លក្ខណៈ​ផលិតកម្ម? ​និយាយជា​សាម​ញ្ញ​ វា​គឺជា​“សេវាកម្មដែល​ប​ម្រើ​​ដល់​ផលិតកម្ម” ។

បើ​និយាយ​ចំពោះ​​ប្រទេសមួយ ​ការអភិវឌ្ឍ​យ៉ាង​ពេញលេញ​នូវ​វិស័យសេវាកម្ម​លក្ខណៈ​ផលិ​ត​កម្ម គឺប្រៀប​ដូចជាដាក់​“ស្លាបមើលមិន​ឃើញ”ចំពោះ​ឧស្សាហកម្មកម្មន្តសាល​ទំនើប ​ដើម្បី​ជំរុញឱ្យ​សេដ្ឋកិច្ច​ឆ្ពោះទៅកាន់​កម្រិតអភិវឌ្ឍន៍​កាន់តែខ្ពស់​ ។ នៅ​ឆ្នាំ២០២៥ ​ការ​ចំណា​យ​លើការប្រើប្រាស់​ប្រកប​ដោយ​លក្ខណៈ​សេវាកម្ម​ គិត​ជាមធ្យម​ក្នុង​មនុស្សម្នាក់ៗ​នៃ​ប្រជា​ជន​ចិន​​​ត្រូវជា​៤៦,១ភាគរយនៃ​ការចំណាយ​លើ​ការ​ប្រើប្រាស់​ជា​មធ្យម​ក្នុង​មនុស្សម្នាក់ៗ​ ។ នេះ​គឺ​មានន័យថា​ ប្រជាជនបាន​ចំណាយប្រាក់​ជិតពាក់កណ្តាល​លើ“សេវាកម្ម”​ ហើយ​ការ​ប្រើ​ប្រាស់​ខាង​សេវាកម្មបាន​ក្លាយជា​ចំណុចកំណើន​ដ៏សំខាន់​សម្រាប់ជំរុញ​ការលើកកម្ពស់​លំដាប់​ថ្នាក់​នៃ​ការប្រើប្រាស់​ ក៏​ដូចជា​ពង្រីក​តម្រូវការ​ផ្ទៃក្នុង​ផងដែរ ។

សេចក្តីព្រាងច្បាប់​នៃ​គោល​ការណ៍​សំខាន់​អំពី​“ផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំទី១៥”​បាន​លើក​ឡើងថា ​ត្រូវលើកកម្ពស់​គុណភាព ប្រសិទ្ធភាព​និងសមត្ថភាព​ប្រកួតប្រជែង​នៃ​ឧស្សា​ហ​កម្ម​សេវាកម្ម​​ដោយ​គ្រប់ជ្រុងជ្រោយ​ ដើម្បី​ដើរតួនាទី​កាន់តែល្អ​ប្រសើរ​នៃឧស្សាហកម្ម​សេ​វា​កម្ម​ក្នុងការគាំទ្រ​​ការលើកកម្ពស់​លំដាប់​ថ្នាក់​នៃឧស្សាហកម្ម​ បំពេញ​តម្រូវការ​ខាង​ជីវ​ភាព​រស់​នៅ​របស់ប្រជាជន​ និងជំរុញ​ការពង្រីកឱកាស​ការងារ ។

នៅពេល​ដែលបំណង​ប្រាថ្នា​របស់ប្រជាជន​ចំពោះជីវភាព​រស់នៅដ៏​ល្អប្រសើរ​បាន​ជំរុញ​ឱ្យ​កើតមាន​តម្រូវការ​សេវាកម្មថ្មីៗ​ជាបន្តបន្ទាប់​ ហើយ​នៅពេល​ដែល​ការអាប់ដេត​បច្ចេក​វិទ្យា​បាន​ផ្តល់​កម្លាំង​ចលករ​​ដល់ទម្រង់និង​រូបមន្ត​ថ្មីនៃ​សេវាកម្ម​ជាបន្តបន្ទាប់ ​កម្លាំង​ផលិត​កម្ម​ដ៏ធំធេង​ដែលបង្កប់​​ក្នុង“សេវាកម្ម”កំពុង​រួម​បញ្ចូលទៅក្នុង​សរសៃឈាម​នៃសេដ្ឋកិច្ច​និង​ជីវ​ភាព​រស់នៅរបស់​ប្រជាជន​ និងសរសេរ​ទំព័រថ្មីនៃ​ការអភិវឌ្ឍ ​តាម​របៀប​ដែលកាន់តែ​អាច​“មើលឃើញ​ ស្ទាបអង្អែលបាន​និងទទួលអារម្មណ៍បាន” ៕

To Top