មន្ទីរបញ្ចកោណ អះអាងថា កងទ័ពអាមេរិកប្រហែល ១៤០នាក់ប៉ុណ្ណោះ ដែលរងរបួសចាប់តាំងពីការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណបានឧ្យដឹងថា កងទ័ពអាមេរិកប្រហែល ១៤០នាក់បានរងរបួស រួមទាំង ៨នាក់រងរបួសធ្ងន់ធ្ងរចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារយោធារួមគ្នាលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Sean Parnell បាន្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ភាគច្រើននៃរបួសទាំងនេះគឺស្រាល ហើយសមាជិកយោធាចំនួន ១០៨នាក់បានវិលត្រឡប់មកបំពេញកាតព្វកិច្ចវិញហើយ។ សមាជិកយោធាចំនួន ៨នាក់នៅតែត្រូវបានចុះបញ្ជីថារងរបួសធ្ងន់ធ្ងរ និងកំពុងទទួលបានការថែទាំសុខភាពកម្រិតខ្ពស់បំផុត”។
រហូតមកដល់ពេលនេះ សមាជិកយោធាអាមេរិកចំនួន ៧នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសគុយវ៉ែត និងអារ៉ាប៊ីសាអូឌីត ក្នុងអំឡុងពេលសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ដែលកំពុងបន្ត ក្នុងនោះកាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឧ្យដឹងថា គោលដៅរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ង់គឺ “រួចរាល់ហើយ”៕
ប្រែសម្រួល ឈូក បូរ៉ា
