លោកបណ្ឌិតជា មុនីឫទ្ធិ ៖ ហេតុអ្វីបានជាកម្ពុជា និងពិភពលោក សម្លឹងមើលមហាសន្និបាតទាំងពីររបស់ចិន?
ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ នៅដើមខែមីនា ខ្យល់អាកាសនយោបាយនៅទីក្រុងប៉េកាំងបានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ពីសំណាក់អ្នកវិភាគ និងរដ្ឋាភិបាលជុំវិញពិភពលោក។ នោះគឺ “មហាសន្និបាតទាំងពីរ” ដែលរួមមាន សន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន (CPPCC) និង មហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេស (NPC)។
លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានមានប្រសាសន៍ថា សម្រាប់កម្ពុជា និងសហគមន៍អន្តរជាតិ ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាកិច្ចប្រជុំផ្ទៃក្នុងរបស់ចិននោះទេ ប៉ុន្តែវាគឺជា “ត្រីវិស័យ” ដែលបង្ហាញពីទិសដៅសេដ្ឋកិច្ច និងនយោបាយសកល។
លោកបណ្ឌិតបញ្ជាក់ថា ក្នុងនាមជាមិត្តដែកថែប កម្ពុជាតាមដានមហាសន្និបាតនេះយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះថានៅពេលចិន កំណត់គោលដៅកំណើនសេដ្ឋកិច្ច (GDP) វាគឺជាសញ្ញាបង្ហាញថា តើកម្លាំងទិញ និងលំហូរទុនវិនិយោគមកកម្ពុជា នឹងមានសន្ទុះកម្រិតណា។

រាល់ការសម្រេចចិត្តលើការបន្តគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្រៅប្រទេស នឹងជះឥទ្ធិពលផ្ទាល់ដល់គម្រោងធំៗនៅកម្ពុជា ដូចជាផ្លូវល្បឿនលឿន អាកាសយានដ្ឋាន និងតំបន់សេដ្ឋកិច្ចពិសេស។
លោកបណ្ឌិតបន្តទៀតថា ការដាក់ចេញនូវយុទ្ធសាស្ត្រ “កម្លាំងផលិតកម្មថ្មី” បង្ហាញពីមហិច្ឆតារបស់ចិនក្នុងការនាំមុខលើផ្នែក AI, ថាមពលបៃតង និងបន្ទះឈីប។ ក្នុងនាមជា “រោងចក្រពិភពលោក” ការសម្រេចចិត្តណាមួយរបស់សភាចិនលើវិស័យឧស្សាហកម្ម នឹងជះឥទ្ធិពលដល់តម្លៃទំនិញ និងស្ថិរភាពទីផ្សារអន្តរជាតិ។
មហាសន្និបាតទាំងពីរនេះ គឺជាវេទិកាដែលចិនប្រើប្រាស់ដើម្បីបញ្ជូនសារទៅកាន់ពិភពលោកអំពី “ទំនុកចិត្ត”។ ក្នុងបរិបទដែលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជា ចិនព្យាយាមបង្ហាញថា ខ្លួននៅតែជា “ម៉ាស៊ីនរុញច្រានកំណើន” ដ៏រឹងមាំ និងជាអ្នកការពារពហុភាគីនិយម។
លោកបណ្ឌិតជា មុនីឫទ្ធិ បញ្ជាក់ដូច្នេះថា «ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិនបានដាក់ចេញ នូវគោលនយោបាយ សម្រាប់មហាសន្និបាត សភាទាំងពីរហើយតែងតែដំណើរការជាប់ជានិច្ច៖ ទី១ គឺការអភិវឌ្ឍប្រកបដោយចីរភាព មានន័យថាជាការជំរុញ នូវសេដ្ឋកិច្ចបៃតងរបស់ចិន។ ទី២ គឺការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន សំដៅធ្វើយ៉ាងណាឱ្យប្រជាជន ទទួលបាននូវអត្ថប្រយោជន៍កាន់តែច្រើន ដែលយើងលើកឡើងពីសេដ្ឋកិច្ចពណ៌ប្រាក់។ ទី៣ គឺ ពាក់ព័ន្ធជាមួយនិងគោលនយោបាយកាន់តែស៊ីជម្រៅ ក្នុងការជួយទៅដល់បណ្ដា ប្រទេសនានានៅលើពិភពលោក តាមរយៈការបង្ហៀរ ឬក៏ការបញ្ចូលតាមច្រករបៀងនៃឧស្សាហកម្មបច្ចេកវិទ្យា ដែលយើងបានដឹងរួចមកហើយថា សតវត្សរ៍នេះគឺជាសតវត្សរ៍របស់ចិន ដែលបាននិងកំពុងបង្ហាញនូវសក្ដានុពលនៃប្រព័ន្ធបច្ចេកវិទ្យារបស់ចិន។ ហើយប្រព័ន្ធបច្ចេកវិទ្យានេះ គឺយើងបានឃើញទាំងអស់គ្នាថា ជាប្រព័ន្ធបច្ចេកវិទ្យាដែលប្រើប្រាស់ប្រព័ន្ធ AI និងប្រព័ន្ធបច្ចេកវិទ្យាដែលប្រើប្រាស់ថាមពលស្អាត ដើម្បីបម្រើជូនចំណុចទី១ និងចំណុចទី២ ដែលខ្ញុំបានលើកឡើង គឺជំរុញទៅដល់ការអភិវឌ្ឍប្រកបដោយចីរភាព សមស្របជាមួយនិងរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិផងដែរ» ។
សូមបញ្ជាក់ថា ការតាមដានមហាសន្និបាត ទាំងពីររបស់ចិន មិនមែនគ្រាន់តែជាការមើលព្រឹត្តិការណ៍នយោបាយរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែវាគឺជាការតាមដានចរន្តឈាម នៃសេដ្ឋកិច្ចពិភពលោក។ សម្រាប់កម្ពុជា ភាពជោគជ័យ និងស្ថិរភាពរបស់ចិន គឺជាកាលានុវត្តភាពដ៏សំខាន់ សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិខ្លួនឯងផងដែរ៕
