ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ចោទថា អង់គ្លេសគឺជាអ្នកនៅពីក្រោយ ការវាយប្រហារដោយមីស៊ីល Storm Shadow លើទីក្រុងរបស់រុស្សី

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន ទៅលើទីក្រុង Bryansk របស់រុស្ស៊ី ដោយប្រើមីស៊ីល Storm Shadow រយៈចម្ងាយឆ្ងាយ ដែលផលិតដោយចក្រភពអង់គ្លេស នឹងមិនអាចទៅរួចទេ បើគ្មានការចូលរួមដោយផ្ទាល់ ពីអ្នកឯកទេសយោធាអង់គ្លេស ។

អភិបាល​តំបន់ លោក Aleksandr Bogomaz បាន​និយាយ​ដំបូង​ថា ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​អង្គារ​បាន​សម្លាប់​មនុស្ស​៦​នាក់ និង​របួស​៤២​នាក់ ដោយ​បាន​ថ្កោល​ទោស​ការ​ទម្លាក់​គ្រាប់​បែក​នោះ​ថា​ជា អំពើ​ភេរវកម្មដ៏​អមនុស្សធម៌បំផុត។

កាល​ពី​ថ្ងៃ​ពុធ លោក​បាន​រាយការណ៍​ថា ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ៧ នាក់ ខណៈ​ការ​បញ្ជាក់​ថា ការ​វាយ​ប្រហារ​នោះ​ពិតជាមាន​ជាប់​ពាក់ព័ន្ធ​នឹង​មីស៊ីល Storm Shadowពិតមែន។

លោក Peskov បាននិយាយកាលពីថ្ងៃពុធថា មីស៊ីល មិនអាចត្រូវបានគេបាញ់ចេញដោយគ្មានអ្នកជំនាញអង់គ្លេសទេ។ លោកបានបន្ថែមថា ការវាយប្រហារម្តងទៀតបង្ហាញពីភាពចាំបាច់ នៃការបន្តយុទ្ធនាការយោធាប្រឆាំង នឹងអ៊ុយក្រែន ព្រោះថាជោគជ័យរបស់ខ្លួននឹងធានាថា សកម្មភាពព្រៃផ្សៃទាំងនេះដោយរបបទីក្រុងគៀវ មិនបន្តទៅមុខទៀត ៕

ប្រែសម្រួល៖ស៊ុនលី

To Top