អ៊ីរ៉ង់ព្រមានថា តម្លៃប្រេងនឹងឡើងដល់ ២០០ ដុល្លារ ក្នុងមួយបារ៉ែល ហើយថា នឹងមិនអនុញ្ញាតឱ្យប្រេង សូម្បីមួយលីត្រទៅដល់អាមេរិក និងអ៊ីស្រាអែល
បរទេស៖ អ៊ីរ៉ង់នឹងប្តូរពី «ការវាយប្រហារទៅវិញទៅមក» បន្ទាប់ពីការវាយប្រហារ ទៅជាការវាយប្រហារជាបន្តបន្ទាប់លើសត្រូវ ហើយសហរដ្ឋអាមេរិក នឹងមិនអាចគ្រប់គ្រងតម្លៃប្រេងបានទេ, នេះបើយោងតាមអ្នកនាំពាក្យ នៃទីបញ្ជាការយោធា Khatam al-Anbiya នៃទីក្រុងតេអេរ៉ង់ លោក Ebrahim Zolfaqari បាននិយាយកាលពីថ្ងៃពុធ ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ថា លោក Ebrahim Zolfaqari បាននិយាយថា «យើងនឹងមិនអនុញ្ញាតឱ្យប្រេង សូម្បីមួយលីត្រទៅដល់សហរដ្ឋអាមេរិក ទៅដល់ ពួក Zionist (អ៊ីស្រាអែល) និងដៃគូរបស់ពួកគេឡើយ។ នាវា ឬនាវាដឹកប្រេងណាមួយដែលភ្ជាប់ជាមួយពួកគេ នឹងក្លាយជាគោលដៅវាយប្រហារស្របច្បាប់» ។
លោកបានបន្ថែមថា «ត្រៀមខ្លួនសម្រាប់ធុងប្រេងមួយ បារែលដែលមានតម្លៃ ២០០ ដុល្លារ ពីព្រោះតម្លៃប្រេងអាស្រ័យលើសន្តិសុខ ក្នុងតំបន់ដែលអ្នកបានធ្វើឱ្យអស្ថិរភាព»។
សូមជម្រាបថា តម្លៃប្រេង បានបន្តកើនឡើង នៅថ្ងៃព្រហស្បតិ៍ ទោះបីជាប្រទេសធំៗ យល់ព្រមបញ្ចេញប្រេង ក្នុងបរិមាណកំណត់ត្រា ពីទុនបម្រុងសង្គ្រោះបន្ទាន់ របស់ពួកគេក៏ដោយ ខណៈដែលពួកគេព្យាយាមទប់ស្កាត់ ផលប៉ះពាល់នៃសង្គ្រាមអ៊ីរ៉ង់៕
