ប្រភពពីឥណ្ឌាថា អ៊ីរ៉ង់នឹងអនុញ្ញាតឱ្យនាវាដឹកប្រេង ដែលដោតទង់ជាតិឥណ្ឌា ឆ្លងកាត់ច្រកសមុទ្រ Hormuz
បរទេស៖ អ៊ីរ៉ង់នឹងអនុញ្ញាតឱ្យនាវាដឹកប្រេងដែលមានទង់ជាតិឥណ្ឌា ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាច្រកឆ្លងកាត់ដែល ៤០% នៃការនាំចូលប្រេងឆៅរបស់ឥណ្ឌាឆ្លងកាត់ , នេះបើតាមប្រភពមួយ របស់ឥណ្ឌាបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទោះបីជាប្រភពមួយរបស់អ៊ីរ៉ង់ ដែលមានមូលដ្ឋាននៅខាងក្រៅប្រទេស បានបដិសេធចំពោះកិច្ចព្រមព្រៀងបែបនេះត្រូវបានសម្រេចឡើង ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ថា ក្រសួងការបរទេសឥណ្ឌា និងស្ថានទូតអ៊ីរ៉ង់ ប្រចាំទីក្រុងញូវដេលី មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញរឿងនេះទេ។ យ៉ាងណាក៏ដោយ ប្រភពរបស់ឥណ្ឌាបានបដិសេធមិនបញ្ចេញឈ្មោះ ដោយលើកឡើងពីកង្វះការអនុញ្ញាតឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ខណៈដែលប្រភពអ៊ីរ៉ង់បានចង្អុលបង្ហាញពីភាពរសើបនៃបញ្ហានេះ។
នាវាថៃមួយគ្រឿង ដែលធ្វើដំណើរទៅកាន់កំពង់ផែ Kandla នៅភាគខាងលិចប្រទេសឥណ្ឌាត្រូវបានវាយប្រហារនៅក្នុងច្រកសមុទ្រកាលពីថ្ងៃពុធ ដែលបង្កឱ្យមានការរិះគន់ យ៉ាងខ្លាំងពីទីក្រុងញូវដេលី។
ក្រសួងការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃពុធថា “ឥណ្ឌាសោកស្តាយ ចំពោះការពិតដែលថា ការដឹកជញ្ជូនពាណិជ្ជកម្ម កំពុងត្រូវបានធ្វើឱ្យក្លាយជាគោលដៅ នៃការវាយប្រហារយោធានៅក្នុងជម្លោះ ដែលកំពុងបន្តនៅអាស៊ីខាងលិច”។
សូមជម្រាបថា អ៊ីរ៉ង់ បានវាយប្រហារកប៉ាល់យ៉ាងហោចណាស់ ១៦ គ្រឿងនៅក្នុងច្រកសមុទ្រនេះចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសង្គ្រាមរបស់ពួកគេលើប្រទេសនេះនៅចុងខែកុម្ភៈ។ ទីក្រុងតេហេរ៉ង់បានព្រមានថាតម្លៃប្រេងអាចកើនឡើងដល់ ២០០ ដុល្លារក្នុងមួយបារ៉ែល ជិតទ្វេដងនៃកម្រិតបច្ចុប្បន្ន៕
