ព័ត៌មានអន្តរជាតិ

បន្ទាប់ពីទទួល បានភ្លើងខៀវពីអាមេរិក, ឥណ្ឌា ទិញប្រេងពីរុស្ស៊ី បាន៣០លានបារ៉ែលភ្លាម

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រទេសឥណ្ឌាបានទិញប្រេងចំនួន ៣០ លានបារ៉ែលពីប្រទេសរុស្ស៊ី បន្ទាប់ពីការលើកលែង ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកបានផ្តល់ការលើកលែងរយៈពេល ៣០ ថ្ងៃដល់ប្រទេសឥណ្ឌា ដើម្បីទិញប្រេងពីប្រទេសរុស្ស៊ី ដែលមានគោលបំណងធានា ស្ថិរភាពនៅក្នុងទីផ្សារប្រេងសកល បន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់។

ទីក្រុងញូវដេលី បានកាត់បន្ថយការទិញប្រេង របស់រុស្ស៊ីបន្តិចម្តងៗចាប់តាំងពីឆ្នាំមុន។ ឥណ្ឌាកំពុងទិញប្រេងជំនួសពីអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់ ប៉ុន្តែការផ្គត់ផ្គង់ត្រូវបានរំខានចាប់ តាំងពីសប្តាហ៍មុន។

របាយការណ៍របស់ Bloomberg បានកត់សម្គាល់ថា ក្រុមហ៊ុនចម្រាញ់ប្រេង រួមទាំងសាជីវកម្មប្រេងឥណ្ឌា និង Reliance បានប្រមូលទំនិញប្រេងឆៅរុស្ស៊ី ដែលមិនទាន់លក់ទាំងអស់ពីទីផ្សារភ្លាមៗ។

ប្រេងឆៅរុស្ស៊ីជិត ១០ លានបារ៉ែលត្រូវបានទិញដោយសាជីវកម្មប្រេងឥណ្ឌាដែលគាំទ្រដោយរដ្ឋ ខណៈដែលក្រុមហ៊ុន Reliance បានទិញបរិមាណស្រដៀងគ្នានេះដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top