សហរដ្ឋអាមេរិក ខ្ចីប្រាក់ក្នុងទំហំដល់ទៅ ១ទ្រីលានដុល្លារត្រឹមរយៈពេល៥ខែ
បរទេស៖ យោងតាមការស្រាវជ្រាវនិងរបាយការណ៍ដោយការិយាល័យថវិកាសភាឬCongressional Budget Office (CBO)បានឲ្យដឹងថារដ្ឋាភិបាលសហរដ្ឋអាមេរិកបានខ្ចីប្រាក់ចំនួន ១ទ្រីលានដុល្លារ ក្នុងរយៈពេល៥ខែចាប់តាំងពីខែតុលា ដោយបន្ថែមទៅលើឱនភាពសហព័ន្ធដែលកំពុងកើនឡើង។
ការប៉ាន់ប្រមាណនេះបានកើតឡើងចំពេលដែលមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលអះអាងថា យោធាអាមេរិកបានបំផ្លាញចោលគ្រាប់បែកដែលមានតម្លៃ ៥,៦ពាន់លានដុល្លារក្នុងអំឡុងពេលពីរថ្ងៃដំបូងនៃការវាយលុកលើអ៊ីរ៉ង់។
កាលពីថ្ងៃចន្ទ CBO បានចេញផ្សាយការត្រួតពិនិត្យថវិកាប្រចាំខែរបស់ខ្លួន ដែលយោងទៅតាមបំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានកើនឡើងចំនួន ៣០៨ពាន់លានដុល្លារនៅក្នុងខែកុម្ភៈប៉ុណ្ណោះ។
ក្នុងចំណោមកត្តាដែលរួមចំណែកដល់និន្នាការនេះ គឺការបង់ប្រាក់ការប្រាក់កាន់តែខ្ពស់ចំពោះសេវាបំណុលសាធារណៈ ក៏ដូចជាការកើនឡើងនៃការចំណាយរបស់រដ្ឋាភិបាល រួមទាំងដោយក្រសួងសង្រ្គាមសហរដ្ឋអាមេរិកផងដែរ។
ក្នុងរយៈពេលត្រឹមតែ៥ខែ រតនាគារបានលះបង់ប្រាក់សរុបចំនួន ៤៣៣ពាន់លានដុល្លារ ដើម្បីបម្រើបំណុលសាធារណៈ ដែលឥឡូវនេះមានចំនួនជិត ៣៨,៩ទ្រីលានទៅហើយ។
Maya MacGuineas ប្រធានគណៈកម្មាធិការសម្រាប់ថវិកាសហព័ន្ធដែលមានទំនួលខុសត្រូវ (CRFB) ដែលជាអ្នកឃ្លាំមើលសារពើពន្ធបានព្រមានថានេះមិនអាចមាននិរន្តរភាពទេ ។ លោកស្រីបានអំពាវនាវដល់អ្នកបង្កើតគោលនយោបាយកាត់បន្ថយឱនភាព ដោយស្នើសមាមាត្រឱនភាព៣ភាគរយប៉ុណ្ណោះទៅ GDP ជាគោលដៅអទិភាព៕
ប្រែសម្រួល៖ស៊ុនលី
