ព័ត៌មានអន្តរជាតិ

រុស្សីសហរដ្ឋអាមេរិក ពិភាក្សាគ្នាអំពីបញ្ហាកិច្ចសហប្រតិបត្តិការថាមពលនិងសេដ្ឋកិច្ច

បរទេស៖ យោងតាមការចេញផ្សាយរបស់ RTបេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គណៈប្រតិភូរុស្ស៊ីដែលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកបានពិភាក្សាអំពីវិបត្តិបច្ចុប្បន្ននៅក្នុងទីផ្សារថាមពលពិភពលោក និងគម្រោងសេដ្ឋកិច្ចដែលមានសក្តានុពលជាមួយភាគីសហរដ្ឋអាមេរិក។

លោក Kirill Dmitriev បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងជាប្រធានគណៈប្រតិភូរុស្ស៊ី បាននិយាយថា កិច្ចប្រជុំមួយត្រូវបានធ្វើឡើងរវាងគណៈប្រតិភូរុស្ស៊ី និងមន្ត្រីសហរដ្ឋអាមេរិក ស្តីពីគម្រោងសម្រាប់ការស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ។

លោកបាននិយាយថា ប្រទេសជាច្រើន ជាពិសេសសហរដ្ឋអាមេរិក បានចាប់ផ្តើមយល់កាន់តែច្បាស់អំពីតួនាទីសំខាន់នៃប្រេង និងឧស្ម័នរបស់រុស្ស៊ី ក្នុងការធានាស្ថិរភាពសេដ្ឋកិច្ចពិភពលោក ក៏ដូចជាភាពគ្មានប្រសិទ្ធភាព និងលក្ខណៈបំផ្លិចបំផ្លាញនៃទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។

គួរឲ្យដឹងដែរថានៅថ្ងៃដដែល បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Steve Witkoff បាននិយាយថា តំណាងសហរដ្ឋអាមេរិក និងរុស្ស៊ីបានពិភាក្សាអំពីប្រធានបទជាច្រើន ហើយបានយល់ព្រមរក្សាទំនាក់ទំនងនេះទៀតផង៕

ប្រែសម្រួល៖ ស៊ុនលី

To Top