ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់អះអាងថា បានបាញ់មីស៊ីលផ្លោង ត្រូវគោលដៅនាវា ផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln ប៉ុន្តែអាមេរិកបដិសេធ

បរទេស៖ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថា មីស៊ីលផ្លោងរបស់ខ្លួនបានវាយប្រហារនាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln ដែលធ្វើឱ្យនាវានេះមិនអាចដំណើរការបាន និងបង្ខំឱ្យនាវានេះដកថយពីដែនទឹកឈូងសមុទ្រ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនបានបដិសេធការអះអាងនេះ ដោយនិយាយថានាវាផ្ទុកយន្តហោះអាមេរិក “បន្តគាំទ្រប្រតិបត្តិការ Epic Fury”។

យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា នាវាអ៊ីរ៉ង់មួយគ្រឿងបានបើកចូលទៅជិតនាវាផ្ទុកយន្តហោះពេក ហើយកងកម្លាំងអាមេរិកបានបាញ់ទៅលើនាវាអ៊ីរ៉ង់មួយគ្រឿងនេះ ប៉ុន្តែវានៅតែមិនច្បាស់ថា តើនាវានេះត្រូវបានវាយប្រហារឬអត់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីស្នាក់ការកណ្តាល របស់ព្យាការីរបស់អ៊ីរ៉ង់ (PBUH) បាននិយាយថា ប្រតិបត្តិការដ៏ជាក់លាក់មួយ ដែលពាក់ព័ន្ធនឹងមីស៊ីលទំនើប និងយន្តហោះគ្មានមនុស្សបើកបានវាយប្រហារនាវាផ្ទុកយន្តហោះ USS Abraham Lincoln ចម្ងាយប្រហែល ៣៤០ គីឡូម៉ែត្រពីព្រំដែនសមុទ្ររបស់អ៊ីរ៉ង់នៅក្នុងសមុទ្រអូម៉ង់។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា បន្ទាប់ពីការវាយប្រហារ នាវាអាមេរិក និងក្រុមវាយប្រហារដែលអមដំណើរត្រូវបានគេឃើញ “បើកគេចចេញពីតំបន់នោះក្នុងល្បឿនលឿន”។

ទូរទស្សន៍រដ្ឋមិនបានផ្តល់ព័ត៌មានលម្អិតណាមួយលើការអះអាងនេះទេ។ កងឆ្មាំ ដែលជាអង្គភាពមនោគមវិជ្ជានៃយោធាអ៊ីរ៉ង់ ពីមុនក៏បានអះអាងផងដែរថាបានវាយប្រហារនាវាផ្ទុកយន្តហោះ Lincoln ប៉ុន្តែមន្ទីរបញ្ចកោណបាននិយាយនៅពេលនោះថា “មីស៊ីលដែលបាញ់ចេញមិនបានបាញ់មកជិតវាទេ”។

ភ្លាមៗបន្ទាប់ពីរបាយការណ៍របស់អ៊ីរ៉ង់បានលេចចេញមក សហរដ្ឋអាមេរិកបានបដិសេធចោល។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានបង្ហោះរូបភាពនៃនាវាចម្បាំងអាមេរិក ដោយនិយាយថា “ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ Abraham Lincoln បន្តគាំទ្រប្រតិបត្តិការ Epic Fury និងគម្រោងថាមពលពីសមុទ្រ”៕
ប្រែសម្រួលៈ ណៃ តុលា

To Top