លោក ដូណាល់ ត្រាំ ថា អ៊ីរ៉ង់ «ជិតនឹងចុះចាញ់ហើយ» ប៉ុន្តែ ២៤ ម៉ោងក្រោយមក មេដឹកនាំកំពូលថ្មី របស់អ៊ីរ៉ង់ សន្យាសងសឹកវិញ
បរទេស៖ បើយោងតាមការចុះផ្សាយរបស់ Axios បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់មេដឹកនាំ G7 ក្នុងអំឡុងពេលលោកចូលរួមកិច្ចប្រជុំអនឡាញមួយនៅថ្ងៃពុធថា អ៊ីរ៉ង់ «ជិតនឹងចុះចាញ់ហើយ» ។
យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ថា នៅក្នុងកិច្ចប្រជុំតាមទូរស័ព្ទនោះ លោក ត្រាំ បានអួតអំពីលទ្ធផល នៃប្រតិបត្តិការ Epic Fury ហើយបានប្រាប់សម្ព័ន្ធមិត្តថា លោក «បានកម្ចាត់ជំងឺមហារីក ដែលកំពុងគំរាមកំហែងយើងទាំងអស់គ្នា»។
លោក ត្រាំ បានអះអាងថា អ៊ីរ៉ង់មិនអាចប្រកាសចុះចាញ់បានទេ ព្រោះ «គ្មាននរណាម្នាក់ដឹងថាអ្នកណាជាមេដឹកនាំ»។
យោងតាមរបាយការណ៍ មេដឹកនាំ G7 បានជំរុញឱ្យលោក ត្រាំ បញ្ចប់សង្គ្រាមក្នុងពេលឆាប់ៗនេះ ហើយបានសង្កត់ធ្ងន់ថា ច្រកសមុទ្រ Hormuz ត្រូវតែធានាសុវត្ថិភាព។ ទាក់ទងនឹងចំណុចស្ទះយុទ្ធសាស្ត្រ លោក ត្រាំ បាននិយាយថា ស្ថានភាពកំពុងមានភាពប្រសើរឡើង ហើយនាវាពាណិជ្ជកម្ម នឹងអាចបន្តប្រតិបត្តិការនៅក្នុងតំបន់នោះ។
ទោះជាយ៉ាងណាក៏ដោយ ទូកអ៊ីរ៉ង់ដែលផ្ទុកដោយគ្រឿងផ្ទុះ បានវាយប្រហារនាវា ដឹកប្រេងឥន្ធនៈពីរគ្រឿង នៅក្នុងដែនទឹកអ៊ីរ៉ាក់ ដោយបានដុតបំផ្លាញ និងសម្លាប់សមាជិកនាវិកម្នាក់នៅយប់ដដែល។
លើសពីនេះ អ៊ីរ៉ង់មិនបានបង្ហាញសញ្ញា នៃការដកថយឡើយ ហើយ ២៤ ម៉ោងក្រោយមក មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ នៅក្នុងសេចក្តីថ្លែងការណ៍ ជាសាធារណៈលើកដំបូងរបស់លោក បាននិយាយថា ប្រទេសរបស់លោកនឹងសងសឹក ចំពោះការវាយប្រហារ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕
ប្រែសម្រួលៈ ណៃ តុលា
