ព័ត៌មានអន្តរជាតិ

អាមេរិកប្រើយុទ្ធសាស្រ្តផ្តល់រង្វាន់ ១០លានដុល្លារ សម្រាប់ការផ្តល់ព័ត៌មាន របស់មេដឹកនាំកំពូលថ្មីអ៊ីរ៉ង់ និងមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀត

បរទេស៖ សហរដ្ឋអាមេរិក នឹងផ្តល់រង្វាន់រហូតដល់ ១០ លានដុល្លារសម្រាប់ព័ត៌មានអំពីមន្ត្រីយោធាជាន់ខ្ពស់ និងចារកម្មអ៊ីរ៉ង់ រួមទាំងមេដឹកនាំកំពូលថ្មីរបស់ខ្លួន គឺលោក Ayatollah Mojtaba Khamenei។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ថា យោងតាមគេហទំព័ររបស់ក្រសួងការបរទេសអាមេរិក, រង្វាន់នេះផ្តោតលើមន្ត្រី ១០ នាក់ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC)។ កងកម្លាំងយោធា ដែលបង្កើតឡើងបន្ទាប់ ពីបដិវត្តន៍ អ៊ីស្លាមឆ្នាំ ១៩៧៩ របស់អ៊ីរ៉ង់ គឺស្មោះត្រង់នឹងមេដឹកនាំកំពូល និងមានភារកិច្ចការពារស្ថាប័ន សាសនានិកាយស៊ីអ៊ីត។

លោក Mojtaba Khamenei ថ្មីៗនេះបានឡើងជំនួសឪពុករបស់លោក គឺលោក Ali Khamenei ក្នុងនាមជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បន្ទាប់ពីលោក Khamenei ដែលចាស់វស្សាត្រូវបានសម្លាប់ រួមជាមួយមន្ត្រីកំពូលអ៊ីរ៉ង់ជាច្រើននាក់ទៀត នៅក្នុងការវាយប្រហាររួមគ្នា របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ។ លោក Khamenei ដែលត្រូវបានគេជឿថា បានរងរបួសនៅក្នុង ការវាយប្រហារទាំងនោះ ហើយមិនត្រូវបានគេឃើញ ជាសាធារណៈចាប់តាំងពីពេលនោះមកទេ ទោះបីជាលោកបានចេញ សេចក្តីថ្លែងការណ៍ដំបូងរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ក៏ដោយ។

ក្រៅពីមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ហើយ សហរដ្ឋអាមេរិកកំពុង ស្វែងរកព័ត៌មានអំពីប្រធានសន្តិសុខអ៊ីរ៉ង់ លោក Ali Larijani រដ្ឋមន្ត្រីក្រសួងស៊ើបការណ៍សម្ងាត់ លោក Esmail Khatib រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Eskandar Momeni និងមន្ត្រីពីររូប នៅក្នុងការិយាល័យ របស់លោក Khamenei៕
ប្រែសម្រួលៈ ណៃ តុលា

To Top