ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ លើកឡើងថា សន្តិភាពអាចត្រឡប់មកវិញ បានលុះត្រាណា តែអាមេរិកដកខ្លួន ចេញពីតំបន់ឈូងសមុទ្រពែរទាំងអស់

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដើម្បីឱ្យជម្លោះ ដែលកំពុងបន្តរវាងអ៊ីរ៉ង់ និងអាមេរិកត្រូវបញ្ចប់ ភាគីចុងក្រោយត្រូវតែ ដកកងកម្លាំងយោធា របស់ខ្លួនចេញពីឈូងសមុទ្រពែរទាំងអស់ជាមុនសិន។

ការលើកឡើងគឺធ្វើឡើងដោយសមាជិកនៃក្រុមប្រឹក្សាប្រឹក្សាម្នាក់ របស់ថ្នាក់ដឹកនាំកំពូលរបស់អ៊ីរ៉ង់។លោក Mohsen Rezaee ឧត្តមសេនីយ៍ចូលនិវត្តន៍ និងជាអតីតមេបញ្ជាការ កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានបន្ថែមថា ក្រុងតេហរ៉ង់ក៏នឹងស្វែងរកសំណង ពេញលេញសម្រាប់ការខូចខាតដែលបានធ្វើ និងការធានាសន្តិសុខដែកពីទី ក្រុងវ៉ាស៊ីនតោនផងដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ SNN TV របស់អ៊ីរ៉ង់ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ សមាជិកក្រុមប្រឹក្សា Expediency Discernment បាននិយាយថា ៖ វត្តមានរបស់សហរដ្ឋអាមេរិក នៅឈូងសមុទ្រពែរ គឺជាមូលហេតុចម្បង នៃអសន្តិសុខ ក្នុងរយៈពេល៥០ ឆ្នាំកន្លងមកនេះ។

លោក Rezaee បាន​អះអាងទៀត​ថា​៖​ការ​បញ្ចប់​សង្គ្រាម​ក៏​ស្ថិត​ក្នុង​ដៃ​ របស់​យើង​ដែរ ដោយ​កំណត់លក្ខខណ្ឌនៃការ​ដក​ទ័ព​អាមេរិក​ចេញ​ពី​ឈូង​សមុទ្រ​ពែរ​ក្នុង​ ចំណោម​លក្ខខណ្ឌ​ចាំបាច់​សំខាន់ៗ ផ្សេងទៀត។ លោកបានបន្ថែមថា លើសពីនេះ អ៊ីរ៉ង់រំពឹងថានឹងទទួលបានសំណង ពីសហរដ្ឋអាមេរិកដូចគ្នាផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top