ព័ត៌មានអន្តរជាតិ

តម្លៃប្រេងធ្លាក់ចុះ ខណៈលោក Trump ជំរុញឱ្យប្រទេសដទៃទៀត ជួយធានាសុវត្ថិភាព ច្រកសមុទ្រ Hormuz

បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃចន្ទ ដោយកាត់បន្ថយការកើនឡើងដំបូង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវ ឱ្យប្រទេសដទៃទៀត ជួយការពារច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នសកល។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ថា ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ 24 សេន ឬ 0.23% មកនៅត្រឹម 102.90 ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានឡើងថ្លៃ 2.68 ដុល្លារនៅថ្ងៃសុក្រ។

ប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ 1.07 ដុល្លារ ឬ 1.08% មកនៅត្រឹម 97.64 ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានកើនឡើងជិត 3 ដុល្លារក្នុងវគ្គមុន។

ប្រេងប្រភេទទាំងពីរបានកើនឡើងជាង 40% ក្នុងខែនេះ ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ 2022 បន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បានជំរុញឱ្យទីក្រុង តេហេរ៉ង់ បញ្ឈប់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលរារាំងការផ្គត់ផ្គង់ប្រេង សកលមួយភាគប្រាំ ដែលជាការរំខានដ៏ធំបំផុត មិនធ្លាប់មាន។

ប្រធានាធិបតី Trump បាននិយាយកាលពីថ្ងៃអាទិត្យថា លោកកំពុងទាមទារឱ្យប្រទេសដទៃ ទៀតជួយការពារច្រកទ្វារ ថាមពល ដ៏សំខាន់នេះ ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនកំពុង ពិភាក្សាជាមួយប្រទេសជាច្រើន អំពីការត្រួតពិនិត្យផ្លូវ របស់ច្រកសមុទ្រនេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top