ប្រទេសថៃ ៖ ឡាន និងម៉ូតូ បន្តកន្ទុយគ្នា រហូតដល់៣គីឡូ រង់ចាំចាក់សាំង នៅក្នុងតាក និងខេត្តជាច្រើនទៀតរបស់ថៃ
បរទេស៖ នៅថ្ងៃចន្ទ មានការតម្រង់ជួរទាំងឡានម៉ូតូ នៅតាមស្ថានីយប្រេងឥន្ធនៈ ខណៈអ្នកបើកបរប្រញាប់ប្រញាល់ចាក់បំពេញសាំង ហើយស្ថានីយប្រេងឥន្ធនៈជាច្រើនបានបិទស្លាកសញ្ញាអស់ស្តុក ចំពេលមានការរំខានដល់ការផ្គត់ផ្គង់ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ថា បណ្តាញវិទ្យុចរាចរណ៍ Jor Sor 100 បានបង្ហាញពីរថយន្ត និងម៉ូតូបន្តគ្នា ភាគច្រើនជារថយន្តភីកអាប់ យ៉ាងហោចណាស់បីគីឡូម៉ែត្រ នៅខាងក្រៅស្ថានីយប្រេងឥន្ធនៈមួយក្នុងស្រុកម៉ែសុត ខេត្តតាក របស់ថៃ។
ស្ថានភាពស្រដៀងគ្នានេះត្រូវបានរាយការណ៍នៅក្នុងខេត្តជាច្រើនទៀត រួមទាំងខេត្តសុផាន់បុរី និងខេត្តនាក់ខន សុវណ្ណ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បន្ទាប់ពីមានរបាយការណ៍ព័ត៌មានថា រដ្ឋាភិបាលកំពុងបង្កើនល្បឿនការដឹកជញ្ជូនទៅកាន់ស្ថានីយប្រេងឥន្ធនៈ។
រដ្ឋាភិបាលថៃបានទទូចថា មានប្រេងឥន្ធនៈគ្រប់គ្រាន់ ហើយបញ្ហានេះបណ្តាលមកពីការទិញដោយសារតែការភ័យស្លន់ស្លោ ជាពិសេសប្រេងម៉ាស៊ូត មានការខ្វះខាតនៅតាមស្ថានីយប្រេងឥន្ធនៈមួយចំនួន។
នៅស្រុកប៊ូយ៉ាយៃ ខេត្តនគររាជសីមា បុគ្គលិកស្ថានីយប្រេងឥន្ធនៈបាននិយាយថា មិនមានការតម្រង់ជួរនៅថ្ងៃចន្ទទេ ព្រោះពួកគេអស់សាំង និងប្រេងម៉ាស៊ូតហើយ តាំងពីថ្ងៃអាទិត្យ ហើយមិនមានដំណឹងពីក្រុមហ៊ុនមេរបស់ពួកគេថា ពេលណានឹងដឹកជញ្ជូននោះដែរ។
ប្រែសម្រួលៈ ណៃ តុលា
