វិស័យគ្រាប់ស្វាយចន្ទីរបស់វៀតណាមត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមនៅឆ្នាំ ២០២៦ ក្នុងគ្រាមានភាពមិនប្រាកដប្រជាជាសកល
បរទេស៖ ក្នុងចំណោមជម្លោះភូមិសាស្ត្រនយោបាយ និងការផ្លាស់ប្តូរគោលនយោបាយនៅក្នុងប្រទេសដែលផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅ, សមាគមគ្រាប់ស្វាយចន្ទីវៀតណាម (Vinacas) ព្យាករណ៍ពីឆ្នាំ២០២៦ ដ៏លំបាកមួយ ហើយបានកំណត់គោលដៅសម្រាប់ការនាំចេញគ្រាប់ស្វាយចន្ទីរបស់វៀតណាមប្រហែល ៨០០.០០០ តោន ដែលមានតម្លៃប្រហែល ៥ពាន់លានដុល្លារអាមេរិក។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ថា លោក Phạm Văn Công ប្រធានសមាគមគ្រាប់ស្វាយចន្ទីវៀតណាម បាននិយាយថា ឧស្សាហកម្មគ្រាប់ស្វាយចន្ទីរបស់វៀតណាមបានកត់ត្រាចំណូលនាំចេញប្រហែល ៥,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ លោកបានកត់សម្គាល់ថា លទ្ធផលនេះឆ្លុះបញ្ចាំងពីការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ភាពស្វាហាប់ និងការសម្របខ្លួនទាន់ពេលវេលាទៅនឹងបញ្ហាប្រឈមស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានរបស់ឧស្សាហកម្មទាំងក្នុងស្រុក និងទូទាំងពិភពលោក។
ទោះបីជាទទួលបានជោគជ័យនេះក៏ដោយ លោក Công និងសមាជិកជាច្រើននៃសមាគមបាននិយាយថា ឧស្សាហកម្មនេះទំនងជាប្រឈមមុខនឹងឧបសគ្គសំខាន់ៗនៅឆ្នាំ ២០២៦ ដោយសារអស្ថិរភាពភូមិសាស្ត្រនយោបាយនៅអឺរ៉ុបខាងកើត និងមជ្ឈិមបូព៌ា រួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្ម និងការដឹកជញ្ជូនសកល នឹងប៉ះពាល់ដល់សកម្មភាពនាំចេញ។
វៀតណាមក៏នៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើគ្រាប់ស្វាយចន្ទីឆៅដែលនាំចូល ដែលភាគច្រើនមកពីប្រទេសអាហ្វ្រិក។ ប្រទេសអាហ្វ្រិកជាច្រើនបានដាក់ចេញនូវគោលនយោបាយរឹតត្បិត ដូចជាការហាមឃាត់ការនាំចេញជាបណ្តោះអាសន្ននៅដើមរដូវប្រមូលផល ដើម្បីផ្តល់អាទិភាពដល់វត្ថុធាតុដើមដែលមានគុណភាពខ្ពស់សម្រាប់អ្នកកែច្នៃក្នុងស្រុក។ ប្រទេសមួយចំនួនក៏បានកំណត់តម្លៃនាំចេញអប្បបរមា និងបង្កើនពន្ធ និងថ្លៃសេវាលើការនាំចេញគ្រាប់ស្វាយចន្ទីឆៅផងដែរ។
កត្តាទាំងនេះធ្វើឱ្យការនាំចូលគ្រាប់ស្វាយចន្ទីឆៅកាន់តែពិបាក និងចំណាយច្រើន ដែលកាត់បន្ថយប្រាក់ចំណេញសម្រាប់សហគ្រាសវៀតណាម៕
ប្រែសម្រួលៈ ណៃ តុលា
