ព័ត៌មានអន្តរជាតិ

​ លោក ដូណាល់​ ត្រាំ​ ទាមទារឱ្យប្រទេសចំនួន ៧​ អមដំណើរ នាវាឆ្លងកាត់ច្រកសមុទ្រ Hormuz

វ៉ាស៊ីនតោន៖​ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានបញ្ជាក់ថា លោកបាន ទាមទារប្រទេសចំនួន​ ៧​ ដែលពឹងផ្អែកយ៉ាងខ្លាំង លើប្រេងនៅមជ្ឈិមបូព៌ា ឱ្យចូលរួមសម្ព័ន្ធភាពមួយ ដើម្បីអមដំណើរនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកសំខាន់មួយ ដែលប្រេងប្រហែល ២០ភាគរយ របស់ពិភពលោកឆ្លងកាត់ ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One ដោយសំដៅទៅលើច្រកសមុទ្រនេះថា​ “ខ្ញុំកំពុងទាមទារឱ្យប្រទេសទាំងនេះ ចូលមកការពារទឹកដីរបស់ពួកគេ ពីព្រោះវាជាទឹកដីរបស់ពួកគេ”។

សេតវិមានកំពុងមានគម្រោងប្រកាសពីសម្ព័ន្ធភាព ពហុជាតិសាសន៍មួយដើម្បីអមដំណើរនាវា ឆ្លងកាត់ច្រកសមុទ្រ​ Hormuz នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Wall Street Journal ដោយដកស្រង់ សម្តីមន្ត្រីអាមេរិក។

របាយការណ៍នេះបានឧ្យដឹងថា ផែនការនេះ ដែលនៅតែស្ថិតក្រោមការពិភាក្សា អាចនឹងត្រូវបានបង្ហាញ “ឱ្យបានឆាប់បំផុតក្នុងសប្តាហ៍នេះ”។

ជាសាធារណៈ រដ្ឋាភិបាលជាច្រើនមិនបានប្តេជ្ញាចិត្តចំពោះបេសកកម្មអមដំណើរបែបនេះទេ រហូតដល់អរិភាពបញ្ចប់ ដោយសារតែហានិភ័យដែលពាក់ព័ន្ធ នេះបើយោងតាមរបាយការណ៍។

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានអំពាវនាវឱ្យមានការបិទច្រកសមុទ្រហ័រមូសជាបន្តបន្ទាប់ ហើយបានសន្យាថានឹងបើករណសិរ្សថ្មី នៅក្នុងជម្លោះរបស់ប្រទេសលោកជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ បានចាប់ផ្តើមការវាយប្រហារយោធាលើអ៊ីរ៉ង់នៅថ្ងៃទី២៨​ ខែកុម្ភៈ ដោយរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក ដែលធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ៕

To Top