អាល្លឺម៉ង់ មានការសង្ស័យអំពីការពង្រីក បេសកកម្មកងទ័ពជើងទឹក របស់សហភាពអឺរ៉ុប នៅច្រកសមុទ្រ Hormuz
ប៊ែរឡាំង៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានសម្តែងការសង្ស័យ ទាក់ទងនឹងការពង្រីក សក្តានុពល នៃបេសកកម្មកងទ័ពជើងទឹករបស់សហភាពអឺរ៉ុប “Aspides” ទៅកាន់ច្រកសមុទ្រ Hormuz។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកផ្សាយ ព័ត៌មានសាធារណៈអាល្លឺម៉ង់ ARD លោក Wadephul បានឧ្យដឹងថា លោកមានការសង្ស័យយ៉ាងខ្លាំង អំពីថាតើបេសកកម្មរបស់សហភាពអឺរ៉ុប អាចធានាសន្តិសុខកាន់ តែច្រើននៅក្នុងច្រកសមុទ្រឬអត់។
លោកបានអះអាងថា ប្រតិបត្តិការនេះ “មិនមានប្រសិទ្ធភាព” នៅក្នុងតំបន់ដាក់ពង្រាយ ចម្បងរបស់ខ្លួននៅក្នុងសមុទ្រក្រហម ។ លោក Wadephul បានបន្ដថា សន្តិសុខអាចត្រូវបានធានា លុះត្រាតែជម្លោះយោធាត្រូវបាន “ដោះស្រាយជាមូលដ្ឋាន”។
លោកបានកត់សម្គាល់ថា ខណៈពេលដែលអឺរ៉ុបតែងតែផ្តល់ការគាំទ្រប្រកបដោយស្ថាបនាក្នុងការធានាផ្លូវសមុទ្រ លោក “មិនឃើញមានតម្រូវការបន្ទាន់ ឬលើសពីនេះទៅទៀត ថាអាល្លឺម៉ង់ គួរតែចូលរួម”។
លោកបានបន្ថែមថា «ការទាមទាររបស់យើងចំពោះសហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺត្រូវជូនដំណឹងដល់យើង និងប្រាប់យើងថាគោលបំណងជាក់ស្តែងណាខ្លះ ដែលនៅតែត្រូវបានអនុវត្ត ហើយបន្ទាប់មកពិភាក្សាជាមួយយើងពីរបៀប ដែលសង្គ្រាមនេះអាចត្រូវបានបញ្ចប់»។
នៅថ្ងៃទី ២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នា លើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ផ្សេងទៀត ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី មេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិលជាង ១៣០០ នាក់។
អ៊ីរ៉ង់បានឆ្លើយតបដោយរលក នៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលកំណត់គោលដៅមូលដ្ឋាន និងទ្រព្យសម្បត្តិ របស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា៕
ប្រែសម្រួល ឈូក បូរ៉ា
