អ៊ីរ៉ង់ មិនស្នើសុំបទឈប់បាញ់ ឬការចរចានោះទេ និងត្រៀមការពារខ្លួន ឱ្យបានយូរតាម ដែលអាចធ្វើទៅបាន
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ប្រទេសនេះមិនស្នើសុំបទឈប់បាញ់ ឬការចរចាជាមួយ សហរដ្ឋអាមេរិក នោះទេ ដោយបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ត្រៀមខ្លួនការពារខ្លួន ប្រឆាំងនឹងអ្វីដែលលោក បានពិពណ៌នាថា ជាសង្គ្រាមខុសច្បាប់។
នៅក្នុងបទសម្ភាសន៍ជាមួយ CBS News ដែលបានចាក់ផ្សាយ កាលពីថ្ងៃអាទិត្យ លោក Araghchi បានបដិសេធការ អះអាងថា អ៊ីរ៉ង់បានស្វែងរកការបញ្ចប់អរិភាព ប៉ុន្ដែមិនស្នើសុំបទឈប់បាញ់ ឬការចរចានោះទេ។
រដ្ឋមន្ត្រីរូបនេះបានលេីកឡេីងថា «យើងមិនដែលស្នើសុំបទឈប់ បាញ់នោះទេ ហើយយើងក៏មិន ដែលស្នើសុំសូម្បី តែការចរចាដែរ។ យើងត្រៀមខ្លួនការពារខ្លួនឱ្យបានយូរ តាមដែលវាត្រូវការ»។
លោកបានកត់សម្គាល់ថា អ៊ីរ៉ង់នឹងបន្តប្រតិបត្តិការរបស់ខ្លួនរហូតដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឈានដល់ចំណុច ដែលថា នេះជាសង្គ្រាមខុសច្បាប់ដែលគ្មានជ័យជម្នះ។
លោកបានបន្ថែមថា «យើងមិនឃើញមានហេតុផលណាមួយ ដែលយើងគួរនិយាយជាមួយជនជាតិអាមេរិកនោអទេ ពីព្រោះយើងកំពុងនិយាយជាមួយពួកគេ នៅពេលដែលពួកគេ សម្រេចចិត្តវាយប្រហារយើង ហើយនោះជាលើកទីពីរហើយ»។
ចំពោះច្រកសមុទ្រ Hormuz រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ មិនទាន់បានបិទផ្លូវទឹក នេះនៅឡើយទេ។ លោកបានកត់សម្គាល់ថា «រឿងនេះអាស្រ័យ លើយោធារបស់យើងក្នុងការសម្រេចចិត្ត ហើយពួកគេបានសម្រេចចិត្តរួច ហើយក្នុងការអនុញ្ញាតឱ្យក្រុមនាវា ដែលជាកម្មសិទ្ធិ របស់ប្រទេសផ្សេងៗគ្នាឆ្លងកាត់»៕
