ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ មានទិន្នន័យបង្ហាញថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ កំពុងបើកការវាយប្រហារ លើរដ្ឋក្នុងតំបន់

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ទីក្រុងតេអេរ៉ង់​ មានព័ត៌មានថាស​ហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ កំពុងបើកការវាយប្រហារពីទីតាំង ជាក់លាក់មួយចំនួនប្រឆាំង នឹងរដ្ឋអារ៉ាប់នៅក្នុងតំបន់អាស៊ីខាងលិច។

លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មានអារ៉ាប់ Al-Araby Al-Jadeed ដែលផ្នែកខ្លះនៃការវាយប្រហារ ត្រូវបានបោះពុម្ពផ្សាយ កាលពីថ្ងៃអាទិត្យ ដោយសួរអំពីប្រភពដើម នៃការវាយប្រហារលើរដ្ឋអារ៉ាប់​ ក្នុងតំបន់ដែលត្រូវបានស្តីបន្ទោសលើអ៊ីរ៉ង់។

លោក Araghchi បានលេីកឡេីងថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេច​ ដើម្បីជួបជាមួយរដ្ឋក្នុងតំបន់ និងបង្កើតគណៈកម្មាធិការរួមមួយ​ ដើម្បីស៊ើបអង្កេតពីលក្ខណៈនៃគោលដៅដែលត្រូវបានវាយប្រហារ។

លោកបានបន្ថែមថា ការវាយប្រហាររបស់អ៊ីរ៉ង់​ គ្រាន់តែកំណត់គោលដៅ មូលដ្ឋានទ័ព និងផលប្រយោជន៍ របស់សហរដ្ឋអាមេរិក​ ក្នុងការសងសឹក​ ចំពោះការវាយប្រហារ ដែលបានធ្វើឡើងពីទីតាំងទាំងនោះ។

លោកបានបន្ថែមថា សហរដ្ឋអាមេរិក​ បានបង្កើតយន្តហោះគ្មាន មនុស្សបើកស្រដៀងនឹងយន្តហោះដ្រូនធុន​ Shahed 136 របស់អ៊ីរ៉ង់ ដែលមានឈ្មោះថា “LUCAS” ដើម្បីកំណត់គោលដៅទីតាំងនៅក្នុងប្រទេសអារ៉ាប់។

លោកក៏បានចោទប្រកាន់អ៊ីស្រាអែលថា បានកំណត់គោលដៅលើជនស៊ីវិលអារ៉ាប់​ ដើម្បីបំផ្លាញទំនាក់ទំនង របស់ពួកគេជាមួយអ៊ីរ៉ង់ ដោយបន្ថែមថា “អ៊ីរ៉ង់មិនទាន់បានកំណត់គោលដៅ លើតំបន់ជនស៊ីវិល ឬលំនៅដ្ឋានណាមួយ នៅក្នុងតំបន់នេះនៅឡើយទេ”៕

ប្រែសម្រួ​ល​ ឈូក​ បូរ៉ា

To Top