លោក ត្រាំ ព្រមានទៅក្រុមអង្គការណាតូថា តើត្រូវជួយសហរដ្ឋអាមេរិក ធានាសុវត្ថិភាព ច្រកសមុទ្រហ័រមូស ឬ ក៏ត្រូវរងទុក្ខ “ខ្លាំងនៅពេលអនាគត”
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មានការព្រមានសម្រាប់ សម្ព័ន្ធមិត្តក្នុងអង្គការណាតូ របស់លោក កាលពីចុងសប្តាហ៍នេះដើម្បីឱ្យជួយសហរដ្ឋអាមេរិកធានា សុវត្ថិភាពច្រកសមុទ្រហ័រមូស ឬ ក៏ត្រូវរងទុក្ខ “ខ្លាំងនៅពេលអនាគត” ដែលជាផលវិបាក ដោយសារសង្គ្រាមអ៊ីរ៉ង់ និងវិបត្តិប្រេង។
យោងតាមសារព័ត៌មាន Global News ចេញផ្សាយកាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ថា លោក ត្រាំ បានប្រាប់ Financial Times ថា “វាសមស្របណាស់ដែលមនុស្សដែលជាអ្នកទទួលផលពីច្រកសមុទ្រនឹងជួយធានាថា គ្មានអ្វីអាក្រក់កើតឡើងនៅទីនោះ”។
លោក ត្រាំ បាននិយាយថា “ប្រសិនបើមិនមានការឆ្លើយតប ឬប្រសិនបើវា ជាការឆ្លើយតបអវិជ្ជមាន ខ្ញុំគិតថា វានឹងអាក្រក់ខ្លាំង សម្រាប់អនាគតសម្រាប់ណាតូ”។ លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក កំពុងវាយប្រហារអ៊ីរ៉ង់ “យ៉ាងខ្លាំង”។
លោកបាននិយាយថា “ពួកគេគ្មានអ្វីនៅសល់ ក្រៅពីបង្កបញ្ហាបន្តិចបន្តួច នៅក្នុងច្រកសមុទ្រ នោះទេ…អ្នកទាំងនេះ គឺជាអ្នកទទួលផល ហើយពួកគេគួរតែជួយយើងក្នុងការត្រួតពិនិត្យវា” ដោយបន្ថែមថា “ប្រទេសចិនគួរតែជួយផងដែរ” ដោយលើកឡើងពីការពឹងផ្អែកថាមពលរបស់ប្រទេសចិន លើប្រេងពីច្រកសមុទ្រហ័រមូស។
កាលពីថ្ងៃចន្ទ លោក ត្រាំ បាននិយាយថា “ប្រទេសជាច្រើន” បានប្រាប់លោកថា ពួកគេ “កំពុងស្ថិតនៅលើផ្លូវ” ដើម្បីជួយសហរដ្ឋអាមេរិក ជាមួយនឹងច្រកសមុទ្រហ័រមូស៕
ប្រែប្រួលៈ ណៃ តុលា
