ព្រុចសែល៖ ប្រទេសជាច្រើននៅអឺរ៉ុប និងសហភាពអឺរ៉ុប បានសម្តែងការស្ទាក់ស្ទើរ ឬការប្រឆាំងទាំងស្រុង ចំពោះការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់បេសកកម្មយោធាមួយ ដើម្បីធានាសុវត្ថិភាពនៃការដឹកជញ្ជូនទំនិញនៅក្នុងច្រកសមុទ្រហ័រមូស។
ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ដំណោះស្រាយការទូត និងព្រមានប្រឆាំងនឹងការកើនឡើងបន្ថែមទៀតនៅក្នុងតំបន់ មេដឹកនាំអឺរ៉ុប បានគូសបញ្ជាក់ថា ជម្លោះបច្ចុប្បន្នមិនគួរវិវត្តទៅជាបេសកកម្មរបស់អង្គការណាតូ ឬទាញទ្វីបនេះចូលទៅក្នុងសង្គ្រាមកាន់តែទូលំទូលាយនោះទេ។
លោក Friedrich Merz អធិការបតីអាល្លឺម៉ង់ បានច្រានចោលការចូលរួមផ្នែកយោធាណាមួយក្នុងការការពារនាវាដឹកប្រេងនៅក្នុងច្រកសមុទ្រ ដោយសង្កត់ធ្ងន់ថា អង្គការណាតូគឺជា “សម្ព័ន្ធភាពការពារជាតិ” ជាជាង “សម្ព័ន្ធភាពអន្តរាគមន៍”។
លោក Merz បានលេីកឡេីងថា អាល្លឺម៉ង់នឹងមិនចូលរួមក្នុងវិធានការយោធាដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍ទេ ដរាបណាជម្លោះនៅតែបន្ត ដោយបន្ថែមថា គ្មានគំនិតដែលអាចអនុវត្តបាន សម្រាប់ប្រតិបត្តិការបែបនេះត្រូវបានបង្ហាញរហូតមកដល់ពេលនេះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
