សហភាពអឺរ៉ុប បញ្ជាក់ថា គ្មានចំណង់ក្នុងការពង្រីក បេសកកម្មកងទ័ពជើងទឹក ទៅកាន់ច្រកសមុទ្រ Hormuz នោះទេ
ព្រុចសែល៖ លោកស្រី Kaja Kallas ប្រធានគោលនយោបាយ ការបរទេសអឺរ៉ុប បានឧ្យដឹងថាថា សហភាពអឺរ៉ុប គ្មានចំណង់ក្នុងការពង្រីក បេសកកម្មកងទ័ពជើងទឹករបស់ខ្លួន «Aspides» ទៅកាន់ច្រកសមុទ្រ Hormuz នោះទេ។
បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស លោកស្រីបានឧ្យដឹងថា រដ្ឋមន្ត្រីសហភាពអឺរ៉ុបបានពិភាក្សាអំពីជម្រើសនានា ដើម្បីការពារការដឹកជញ្ជូនទំនិញ នៅក្នុងតំបន់ឲ្យកាន់តែប្រសើរឡើង ដោយផ្តោតលើការបន្ថយភាពតានតឹង និងសេរីភាពនៃការធ្វើនាវាចរណ៍។
លោកស្រីបានលេីកឡេីងថា «យើងកំពុងធ្វើការលើដំណោះស្រាយការទូត សម្រាប់ច្រកសមុទ្រ Hormuz» ដោយបន្ថែមថា នេះមិនមែនជាសង្គ្រាមរបស់អឺរ៉ុបនោះទេ។
បេសកកម្ម «Aspides» មានន័យថា ខែល ជាភាសាក្រិច គឺជាបេសកកម្ម កងទ័ពជើងទឹកការពារ ដែលបានចាប់ផ្តើម ដោយសហភាពអឺរ៉ុបក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានគោលបំណងស្តារ និងការពារសេរីភាពនៃការធ្វើនាវា ចរណ៍នៅក្នុងសមុទ្រក្រហម និងតំបន់ឈូងសមុទ្រ។
ការកត់សម្គាល់របស់លោកស្រី Kallas បានកើតឡើង បន្ទាប់ពីប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឲ្យសម្ព័ន្ធមិត្តណាតូគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីធានាការដឹកជញ្ជូនប្រេងនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ។ រហូតមកដល់ពេលនេះ ប្រទេសជាច្រើន របស់អង្គការណាតូ នៅអឺរ៉ុប រួមទាំងអាល្លឺម៉ង់ និងក្រិក បានបង្ហាញពីឆន្ទៈមិនគាំទ្រសំណើ របស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
